ឆាយ សុផល ចេញសៀវភៅ កឹម សុខា ចំថ្ងៃ កឹម សុខា ត្រូវបានស្តេចលើកលែងទោសឲ្យ
ភ្នំពេញ៖ លោក ឆាយ សុផល អ្នកសារព័ត៌មានជើងចាស់នៅសប្តាហ៍នេះបានចេញផ្សាយសៀវភៅថ្មីមួយស្តីពីជីវិត និងការងារនយោបាយរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នៅចំថ្ងៃដែលលោក កឹម សុខា ត្រូវបានព្រះមហាក្សត្រខ្មែរផ្តល់ការលើកលែងទោសឲ្យរួចផុតពីពិរុទ្ធដែលទាក់ទិននឹងរឿងក្តីអាស្រូវស្នេហាកន្លងមក។
សូមរម្លឹកថា នៅរសៀលថ្ងៃទី៩ កញ្ញា ២០១៦ សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសលោក កឹម សុខា ឲ្យជាប់ពន្ធនាគារ៥ខែ និងពិន័យជាប្រាក់៨០ម៉ឺនរៀល ពីបទបដិសេធក្នុងការ “មិនចូលខ្លួនក្នុងនាមជាសាក្សី” តាមមាត្រា ៥៣៨ នៃក្រមព្រហ្មទណ្ឌ ទាក់ទិននឹងរឿងអាស្រូវស្នេហាជាមួយនាង ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ។
សៀវភៅដែលមានចំណងជើងថា “កឹម សុខា – ជីវិតក្នុងនយោបាយព្យុះភ្លៀង – កម្សួលចុងក្រោយនៃបដិវត្តន៍ពណ៌” ត្រូវបានលោក ឆាយ សុផល ចេញផ្សាយជាសាធារណៈនៅព្រឹកថ្ងៃទី២ ធ្នូ ២០១៦ នៅប្រមាណ៦ម៉ោងមុនព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី លើកលែងទោសឲ្យលោក កឹម សុខា។
នៅពេលដែលសួរថា តើលោកដឹងមុនពីការលើកលែងទោសនេះឬ បានជាលោកចេញសៀវភៅនេះ លោក ឆាយ សុផល បានឆ្លើយថា “ក្នុងនាមជាអ្នកព័ត៌មានដែលតាមដានព្រឹត្តិការណ៍ប្រចាំថ្ងៃ និងជាអ្នកនិពន្ធសៀវភៅនយោបាយបែបប្រវត្តិសាស្រ្ត ខ្ញុំបានដឹងខ្យល់ខ្លះៗពីប្រភពរបស់ខ្ញុំ ដែលថា សភាពការណ៍នឹងប្រែប្រួលនៅថ្ងៃទី២ធ្នូនេះ។ ដូច្នេះ ខ្ញុំត្រូវតែចេញសៀវភៅនេះឲ្យចំពេល”។
លោកថា សៀវភៅនេះបានចូលរោងពុម្ពតាំងពីពាក់កណ្តាលខែវិច្ឆិកា ដើម្បីចេញឲ្យទាន់នៅថ្ងៃទី២ ធ្នូ ដែលជាថ្ងៃពិសេស ហើយថា ប្រសិនបើសៀវភៅចេញក្រោយការលើកលែងទោស នោះដូចជាមិនសូវមានការចាប់អារម្មណ៍ឡើយ។
លោក សុផល បានបញ្ជាក់ថា ក្នុងនាមជាអ្នកសារព័ត៌មានអាជីព ត្រូវតែតាមដានសភាពការណ៍ឲ្យបានជាប់ និងទាក់ទងប្រភពដែលគួរឲ្យជឿជាក់ឲ្យបាល្អ ដើម្បីវិភាគឲ្យបានស៊ីជម្រៅ និងទាន់ព្រឹត្តិការណ៍ គឺមិនវិភាគតែពីក្នុងការិយាល័យ ឬអានព័ត៌មាននៅលើអ័នឡាញ (Online) នោះទេ ពោល គឺត្រូវផ្អែកលើប្រភព P3 គឺ People (មនុស្ស) Paper (ឯកសារ) និង Place (ទីកន្លែង)។
លោក ឆាយ សុផល បានផ្តាំផ្ញើដល់អ្នកដើរតាម ឬអ្នកបម្រើនយោបាយថា “ចេះច្បាប់ ត្រូវស្តាប់ខ្យល់។ ច្បាប់ជាបន្ទាត់ មាត់ជាអ្នកបកស្រាយ។ មនុស្សតែងច្បាប់ ហើយច្បាប់ក្តាប់ដោយមនុស្ស។ មេៗនយោបាយនិយាយ ម្តងអញ ម្តងអូន ម្តងសត្រូវ ម្តងមិត្តជល់កែវស្រាគ្នា ដែលធ្វើអ្នកបម្រើនយោបាយងប់ងល់ជ្រុលហួសហេតុបត់មិនទាន់មេៗ”។
សៀវភៅដែលមានចំណងជើងថា “កឹម សុខា – ជីវិតក្នុងនយោបាយព្យុះភ្លៀង – កម្សួលចុងក្រោយនៃបដិវត្តន៍ពណ៌” ដែលមានកម្រាស់ជាង៣៤៣ទំព័រ ត្រូវបានដាក់លក់នៅឯពិធីព័រណ៍សៀវភៅកម្ពុជាឆ្នាំ២០១៦ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២-៤ ធ្នូ ឆ្នាំ២០១៦ នេះ នៅឯបណ្ណាល័យជាតិកម្ពុជា។
សៀវភៅដែលមានកម្រាស់ជាង៣០០ទំព័រនេះ ពិតជាមានខ្លឹមសារមិនគ្រប់គ្រាន់ដូចការចង់បានរបស់អ្នកទាក់ទិននោះទេ ប៉ុន្តែយ៉ាងហោចណាស់ វាបានបង្ហាញពីព្រឹត្តិការណ៍សំខាន់ៗដើម្បីជាការរម្លឹកដល់អ្នកពាក់ព័ន្ធទាំងឡាយនៅក្នុងប្រវត្តិសាស្រ្តកម្ពុជាកន្លងមក។ ប្រសិនបើខ្ញុំមិនចងក្រងទុកទេ នោះឯកសារជាច្រើននៅរាយប៉ាយ ឬក៏ព្រឹត្តិការណ៍ខ្លះត្រូវបានគេភ្លេចនៅពេលក្រោយ
សៀវភៅនេះក៏មានលក់នៅឯបណ្ណាគារធំៗ និងតូបកាសែត នៅក្នុងរាជធានីភ្នំពេញ ពិសេសនៅបណ្ណាគារ Monument Book ទាំងក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប ក្នុងផ្សារទំនើបអ៊ីអ័ន និងមុខផ្សាររាត្រីក្បែរផ្សារចាស់។
សៀវភៅ “កឹម សុខា – ជីវិតក្នុងនយោបាយព្យុះភ្លៀង – កម្សួលចុងក្រោយនៃបដិវត្តន៍ពណ៌” រៀបរាប់ពីជីវិតឯកជន ការសិក្សា ការងារសង្គម និងកិច្ចប្រទេសជាតិរបស់លោក កឹម សុខា ព្រមទាំងហេតុការណ៍ដែលកើតឡើងពាក់ព័ន្ធគ្នាដូចសម្លកំពឹសកន្លងមកថ្មីៗនេះ។
លោក ឆាយ សុផល បានបញ្ជាក់ថា “ក្នុងនាមជាអ្នកព័ត៌មានអាជីព ខ្ញុំព្យាយាមកត់ត្រានូវអ្វីដែលជាទីចាប់អារម្មណ៍ ហើយខ្ញុំជឿថា កំណត់ត្រានេះគឺជាឯកសារជំនួយស្មារតីមួយសម្រាប់មិត្តអ្នកអាន អ្នកនយោបាយ អ្នកបម្រើនយោបាយ អ្នកសិក្សាវិទ្យាសាស្រ្តនយោបាយ និងអ្នកស្រាវជ្រាវនយោបាយ ក៏ដូចជាអ្នកសារព័ត៌មានផងដែរ”។
លោកបន្តថា “ជាការពិត កំណត់ត្រានៅក្នុងសៀវភៅនេះ ខ្ញុំគ្រាន់តែចង់ប្រាប់មិត្តអ្នកអានទាំងនៅជំនាន់នេះ និងនៅជំនាន់ក្រោយៗឲ្យបានដឹងពីហេតុការណ៍កើតឡើងដែលពាក់ព័ន្ធគ្នាដូចសម្លកំពឹស ហើយត្រូវចាត់ទុកជាមេរៀននៃជីវិត ពិសេសនៅពេលខ្លួនបានក្លាយជាបុគ្គលល្បីឈ្មោះ ជាអ្នកនយោបាយ ជាឥស្សរជនកំពូល ឬជាអ្នកដឹកនាំប្រទេសជាដើម”៕