ទណ្ឌិត ៨៨នាក់នឹងត្រូវលើកលែងនិងបន្ធូរបន្ថយទោសក្នុងឱកាលបុណ្យអុំទូកឆ្នាំនេះ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៨ តុលា ២០១៦) ៖ គណៈកម្មការជាតិ ពិនិត្យបញ្ជីស្នើសុំបន្ធូបន្ថយទោស និងលើកលែងទោស ដឹកនាំដោយលោក អង្គវង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្រេចបញ្ជូនទណ្ឌិត ចំនួន ៨៨ នាក់ ( ស្ត្រី ៦ នាក់ ) ក្នុងចំណោមអ្នកទោស ៥៦០ នាក់ ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាល ទូលថ្វាយ ស្នើសុំព្រះមហាក្សត្រ ប្រទានការលើកលែងទោស និងបន្ធូរបន្ថយទោស ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក នៅឆ្នាំនេះ។
បន្ទាប់ពីកិច្ចប្រជុំរយៈពីរថ្ងៃ នៅថ្ងៃទី២៦ និងថ្ងៃទី២៧តុលា ឆ្នាំ២០១៧ លោក គឹម សន្តិភាព អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានប្រាប់អ្នកកាសែតថា ទណ្ឌិត ៨៨ នាក់នោះ មានស្ត្រី ៦នាក់។ ក្នុងនោះ ទណ្ឌិត ៧នាក់ ត្រូវបានស្នើលើកលែងទោស និងបន្ធូរបន្ថយទោស ៨១នាក់។
ចំពោះការបន្ធូរបន្ថយទោស ទណ្ឌិតចំនួន ៨១នាក់ មាន ៣ ប្រភេទ៖ ទី១-រយៈពេល ១២ខែ មាន ១៧នាក់ ( ស្ត្រី ២នាក់) ទី២-រយៈពេល ៩ខែ មានចំនួន ១៨នាក់ និងទី៣-ការបន្ធូរបន្ថយទោស រយៈពេល ៦ខែ មានចំនួន ៤៦ នាក់ ( ស្រី្ត ៤នាក់)។
សូមរម្លឹកថា ការលើកលែងទោស និងបន្ធូរបន្ថយទោស ត្រូវបានធ្វើឡើង ៣ដង ក្នុង ១ឆ្នាំ គឺនៅពិធីបុណ្យ វិសាខបូជា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងព្រះរាជពិធីបុណ្យអុំទូក។ នៅក្នុងពិធីបុណ្យអុំទូក កាលពីឆ្នាំ២០១៥ មានទណ្ឌិត ១០២ នាក់ ត្រូវបានលើកលែងទោស និង ៥៧៨ នាក់ ត្រូវបានបន្ធូរបន្ថយទោស៕