សត្វអសិរពឹសកំពុងបង្ករគ្រោះថ្នាក់ដល់ពលរដ្ឋនៅស្រុកថ្មពួក និងស្រុកស្វាយចេក
សារព័ត៌មាន Cambodia News/
បន្ទាយមានជ័យ (១៣ តុលា ២០១៦) ៖ គិតមកទល់ពេលនេះមានប្រជាពលរដ្ឋជាច្រើននាក់ ក្នុងស្រុកថ្មពួក និងស្រុកស្វាយចេក ជាប់ព្រំដែនកម្ពុជា-ថៃ ត្រូវបានរងគ្រោះដោយសត្វអសិរពឹស។ ជាក់ស្តែងកាលពីថ្ងៃទី១១ តុលា ឆ្នាំ២០១៦ មានបុរសម្នាក់ត្រូវពស់ស្រកាចាស់ចឹក នៅចំណុចភូមិបន្ទាយឆ្មារត្បូង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។
លោក ដុំ វិចិត្ត មេបញ្ជាការកងរាជអាវុធហត្ថស្រុកថ្មពួកបានឲ្យដឹងថា បុរសរងគ្រោះដែលត្រូវពស់ស្រកាចាស់ចឹកមានឈ្មោះ ឡី ឡើយ អាយុ៥២ឆ្នាំ រស់នៅក្នុងភូមិ-ឃុំខាងលើ។ បុរសរងគ្រោះត្រូវពស់ចឹកខណៈកំពុងដើរចាប់ត្រីតាមស្រះ ប៉ុន្តែដោយសារក្រុមគ្រូពេទ្យជួយសង្គ្រោះទាន់ ជនរងគ្រោះបានរួចផុតពីសេចក្តីស្លាប់។
គួរបញ្ជាក់ថា នៅក្នុងស្រុកថ្មពួក និងស្រុកស្វាយចេក បើគិតចាប់ពីមុនថ្ងៃបុណ្យភ្ជុំបិណ្ឌរហូតមកដល់ពេលនេះ គឺមានប្រជាពលរដ្ឋចំនួន២៨នាក់ហើយដែលរងគ្រោះដោយពស់ចឹក ហើយជនរងគ្រោះសុទ្ធតែបានសង្គ្រោះទាន់ពេលវេលា នៅមន្ទីរពេទ្យ៕