សូមពលរដ្ឋ មេត្តាពង្វាងចរាចរ ចេញពីទីតាំងការដ្ឋាន ផ្លូវ២៧១ មួយរយៈពេល
សារព័ត៌មាន Cambodia News/
នៅព្រឹកថ្ងៃទី២៥ ខែសីហា នេះ រដ្ឋបាលរាជធានីភ្នំពេញ បានដំណើរការជីកកាត់ ផ្លូវលេខ២៧១ មួយចំហៀងម្តងៗ ដើម្បីដាក់តម្លើងបំពង់បូមទឹក នៅការដ្ឋានសាងសង់ ស្ថានីយ៍បូមទឹកបឹងត្របែក ដោយប្រើរយៈពេល ចំនួន ៦ថ្ងៃ ចាប់ផ្តើមអនុវត្តន៍ការងារ ទាំងថ្ងៃ ទាំងយប់ ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦។
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ក្នុងរយៈពេលនេះ លើទីតាំងការដ្ឋាន នឹងបង្រួមខ្សែគន្លងចរាចរ ផ្លូវចំណុចឆ្លងកាត់ ដោយអនុញ្ញាតអោយ យានយន្តធ្វើចរាចរទ្វេទិស ចំនួន ១ខ្សែ ទៅនិង១ខ្សែមកប៉ុណ្ណោះ ដែលនឹងធ្វើអោយមាន ការស្ទះចរាចរ ជាមិនខាន។
រដ្ឋបាលរាជធានី ភ្នំពេញ ស្នើសុំការយោគយល់ អធ្យាស្រ័យ និងសូមបងប្អូនប្រជាពលរដ្ឋ មេត្តាពង្វាងចរាចរ ចេញពីទីតាំងនេះ ដោយអនុគ្រោះ។ ផុតរយៈពេលខាងលើ នឹងដាក់អោយធ្វើចរាចរ ជាធម្មតាវិញ៕