បំផ្ទុះគ្រាប់បែករថយន្តអត្តឃាតនៅជិតប៉ុស្តិ៍នគរបាលទួរគី ៣នាក់ស្លាប់ និង ៤០នាក់រងរបួស
សារព័ត៌មាន Cambodia News/
ទួរគី (១៨ សីហា ២០១៦) ៖ មនុស្ស ៣នាក់បានស្លាប់ និង ៤០នាក់រងរបួស នៅពេលរថយន្តបង្កប់គ្រាប់បែកមួយគ្រឿងបានផ្ទុះជិតប៉ុស្តិ៍នគរបាលក្នុងភាគខាងកើតខេត្ត Van របស់ប្រទេសទួរគីជិតព្រំដែនប្រទេសអ៊ីរ៉ង់កាលពីថ្ងៃពុធម្សិលមិញ។
នគរបាល និងរថយន្តសង្គ្រោះត្រូវបានគេឃើញកំពុងប្រញាប់ ទៅកាន់កន្លែងកើតហេតុតាមរូបភាពវីដេអូលើកញ្ជក់ទូរទស្សន៍ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Dogan DHA របស់ទួរគី។
ការផ្ទុះនេះបានដាក់គោលដៅ លើប៉ុស្តិ៍មួយដែលជាកន្លែង សម្រាប់ស្នាក់នៅរបស់នគរបាល។ ប្រភពដដែលនិយាយថា គេនៅមិនទាន់ច្បាស់ភ្លាមៗទេថា មាននគរបាល និងជនស៊ីវិលប៉ុន្មាននាក់ស្ថិតក្នុងចំណោមអ្នកស្លាប់ និងអ្នករបួសទាំងនោះទេ៕