នៅឆ្នាំនេះ ជំនន់ទឹកភ្លៀងអាចនឹងត្រូវកាត់បន្ថយ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៦ កក្កដា ២០១៦) ៖ គ្រោះទឹកជំនន់អាចនឹងត្រូវបានកាត់បន្ថយ នៅឆ្នាំ ២០១៦នេះ ដោយសារតែក្រសួងធនធានទឹកនិងឧតុនិយមបានរៀបចំសាងសង់អាងទឹកធំៗ មួយចំនួននៅទូទាំងប្រទេសកម្ពុជា ដើម្បីស្ដុកទឹក។
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមក្នុងបទសម្ភាសន៍ជាមួយវិទ្យុក្នុងស្រុក បានឲ្យដឹងថា អាងទឹកទាំងអស់នោះអាចរក្សាទឹកទុករហូតដល់ខែប្រាំងដើម្បី ប្រើប្រាស់បានទៀតផង។
លោក ចាន់ យុត្ថា បន្តថា ប្រសិនបើមានភ្លៀងធ្លាក់មួយសប្តាហ៍ជាប់គ្នាអាចនឹងធ្វើឲ្យមានទឹក ជំនន់ នៅតាមខេត្ត រាជធានីមួយចំនួន ប៉ុន្តែបច្ចុប្បន្ន ដោយសារតែក្រសួងធនធានទឹកបានសាងសង់អាងទឹកធំៗ មួយចំនួននៅទូទាំងប្រទេសកម្ពុជាដើម្បីស្រូបយកទឹកពេល ដែលមានទឹកជំនន់កើតឡើង។
លោក បានបញ្ជាក់ថា ខេត្តមួយចំនួន ដែលបានសាងសង់ និងកំពុងសាងសង់អាងទឹក មានដូចជា ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តព្រះវិហារ និងខេត្តកំពង់ធំជាដើម ហើយអាងទឹកទាំងនោះ នឹងអាចកាត់បន្ថយ គ្រោះទឹកជំនន់បានប្រមាណ៧០ភាគរយទូទាំងប្រទេសកម្ពុជា៕