ចូលឆ្នាំខឹងប្រពន្ឋអត់មកស្រុកដុតផ្ទះឆេះហ្មត់
សារព័ត៌មាន Cambodia News/
កំពង់ឆ្នាំង (១៨ មេសា ២០១៦) ៖ បុរសជាប្តីដោយសារតែខឹងនឹងប្រពន្ឋមិនព្រមមកផ្ទះ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ បានយកភ្លើងដុតផ្ទះខ្លួនឯង ដែលជាប់គ្នា និងផ្ទះម្តាយក្មេក បណ្តាលអោយឆេះខ្ទេច ទាំង២ខ្នង មិនអាចជួយបានឡើយ ។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៥ និង៣០នាទីរសៀល ថ្ងៃទី១៥ ខែ មេសា ឆ្នាំ២០១៦ នៅភូមិក្បាលថ្នល់ ឃុំផ្សារ ស្រុកបរិបូរណ៍ ។
សមត្ថកិច្ច នគរបាលមូលដ្ឋានបានអោយដឹងថា ជនសង្ស័យដុតផ្ទះខ្លួនឯង និងផ្ទះម្តាយក្មេក មានឈ្មោះ អ៊ុក ភន អាយុ៣៤ឆ្នាំ ត្រូវសត្ថកិច្ចបានចាប់ឃាត់ខ្លួនបុរសជាប្តី ដើម្បីកសាងសំណុំរឿងតាមផ្លូវចាប់ ។
បើតាមសំដី របស់ស្ត្រីជាម្តាយក្មេកបានអោយដឹងថា មុនពេល កើតហេតុប៉ុន្មានថ្ងៃនេះ គាត់ឃើញកូនប្រសារគាត់ បានឈ្លោះគ្នាជាមួយកូនស្រីគាត់ដែលត្រូវជាប្រពន្ធ តាមទូរសព្ទ័ស្ទើររាល់យប់ ហើយឮកូនប្រសារថា ចូលឆ្នាំនេះត្រូវមកផ្ទះ បើមិនមកទេ នឹងមានរឿងហើយ ។
លុះដល់ ពេលចូលឆ្នាំ មិនឃើញកូនស្រីគាត់មកផ្ទះ កូនប្រសារគាត់បានដុតផ្ទះខ្លួនឯង ឆេះរាលដល់ផ្ទះគាត់ឆេះខ្ទេច រូមទាំងទ្រព្យសម្បត្តិគាត់មួយចំនូនផង គ្មានយកអ្វីបានឡើយ ៕