សម្តេច ហ៊ុន សែន ដឹកនាំគណៈប្រតិភូវិលត្រឡប់មកដល់កម្ពុជាវិញ ដោយដោយសុវត្ថិភាព
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៩ កុម្ភៈ ២០១៦) ៖ នៅម៉ោង ១១យប់ថ្ងៃទី១៨ កុម្ភៈ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូវិលត្រឡប់មកដល់កម្ពុជាវិញដោយសុ វត្ថិភាព បន្ទាប់ពី សម្តេច បានអញ្ជើញទៅចូលរួមប្រជុំកំពូលពិសេស អាស៊ាន-អាមរិក (១៤-១៨ កុម្ភៈ) ដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។
សម្តេច តេជោ ហ៊ុន សែន បានបង្ហាញសារនៅលើ Facebook ថា បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ពេលនេះខ្ញុំនិងគណៈប្រតិភូកម្ពុជាបានវិលត្រឡប់មកដល់ មាតុភូមិ ប្រកបដោយសុវត្តិភាពហើយ។ ខ្ញុំសូមអរគុណចំពោះជនរួមជាតិដែល ជានិច្ចកាលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ខ្ញុំនិង សមាជិក គណៈប្រតិភូ។
សុំអរគុណចំពោះបងប្អូនខ្មែរដែល រស់នៅ សហរដ្ឋអាមេរិក ដែលបានចំណាយពេលមក សួរសុខទុក្ខនិងជួបសំណេះសំណាលជាមួយ ខ្ញុំនិងគណៈប្រតិភូកម្ពុជា។ មកដល់មាតុប្រទេសវិញ បំណុលដែលខ្ញុំជំពាក់ពិតជាមានច្រើន។ ឯកសារពិតជានៅកកកុញរង់ចាំ ខ្ញុំពិនិត្យសំរេច និងចុះហត្ថលេខា។
ខ្ញុំត្រូវធ្វើកិច្ចការទាំងអស់នេះនៅ ថ្ងៃស្អែកដើម្បី ជំរុញល្បឿនការងារ ព្រោះបើនាយករដ្ឋមន្ត្រីមិនសម្រេច ឬមិនចុះហត្ថលេខាទេ ការងារនិងយឺតយ៉ាវ។ បំណុលមួយដែលខ្ញុំមិនអាចរកសងបានគឺចៅៗ ខ្ញុំច្បាស់ជាមកលេងជាមួយខ្ញុំហើយសួរខ្ញុំថា ឯណាកាដូសម្រាប់ចៅ ខ្ញុំកំពុងរកវិធីដោះសារជាមួយចៅៗ ដែលពិបាកជាងការងាររដ្ឋទៅទៀត
សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំកំពូលពិសេស អាស៊ាន- អាមេរិក ដែលបានពិភាក្សាផ្លាស់ប្តូរយោបល់ប្រកបដោយភាពស្និទ្ធស្នាល គោរពយោគយល់ក្នុងភាពជាដៃគូយុទ្ធសាស្ត្រ ដែលបានរួមគ្នាដោះស្រាយបញ្ហាសំខាន់ៗជាច្រើន ដើម្បីជំរុញវិបុលភាពក្នុងតំបន់តាមរយៈការលើកកម្ពស់ភាព ច្នៃប្រឌិត ថ្មី និងសហគ្រិនភាព ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ការជំរុញពាណិជ្ជកម្ម និងវិនិយោគ ការជំរុញការតភ្ជាប់រវាងប្រជាជន ជាពិសេសរវាងយុវជនសំដៅបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក និងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងតំបន់ធំៗទាំងពីរ ៕