រថយន្ត​​​ពីរ​គ្រឿង​ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​ដុត​

ភ្នំពេញ៖ កាលពីវេលាម៉ោង ២៤និង១៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ២ ធ្នូ ២០១២ រថយន្តស៊េរីទំនើបៗពីរគ្រឿងមួយគ្រឿងម៉ាកកាមរីស៊េរីឆ្នាំ ២០០៧ពណ៌ស្ករនិងមួយគ្រឿងទៀត ម៉ាកហាយលែនឌ័រពណ៌ខ្មៅដែលម្ចាស់ឈប់ចតនៅមុខផ្ទះលេខ ៤៧ ផ្លូវលេខ៤២BT ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ត្រូវបានជនមិនស្គាល់មុខលបលួចដុតឆាបឆេះមួយឈុលតែត្រូវបាន អ្នកជិតខាងជួយ ពន្លត់ទាន់។

ជនរងគ្រោះជាម្ចាស់រថយន្តមុខរបរជាអ្នកលក់គ្រឿងអលង្ការ ប្រភេទប្រាក់អ៊ីតាលី និងប្លាកទីនដែលមានយីហោឈ្មោះថា ពេជ្រ ចិន្តាលក់នៅផ្សារផេនសល ផ្សារសុវណ្ណា និងផ្សាររតនាផ្លាហ្សា។

តាមការរៀបរាប់របស់ម្ចាស់រថយន្តបានឲ្យដឹងថាជាធម្មតា គាត់តែងតែចតរថយន្ត នៅមុខផ្ទះជារៀងរាស់ថ្ងៃ ប៉ុន្តែដោយឡែកយប់កើតហេតុ ខាងលើនេះ ស្រាប់តែមិនដឹងមានមូលហេតុអ្វីទើបបានជាមានមនុស្សមកលួច ដុតរថយន្តបង្ករឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងយ៉ាងខ្លាំង។ ចំពោះបញ្ហា នេះម្ចាស់រថយន្តបានប្តឹងសមត្ថកិច្ចឲ្យជួយរកយុត្តិធម៌ដល់រូបគាត់ ផង។ម្ចាស់រថយន្តបានបង្ហើបថាកន្លងមកគាត់ធ្លាប់មានទំនាស់ជាមួយ អ្នកលក់ដូរគ្រឿងអលង្ការដូចគ្នានៅផ្សារផេនសល ។

ចំពោះរឿងកន្លងមកនោះរូបគាត់ក៏ធ្លាប់ទទួលការគំរាមតាមទូរស័ព្ទពី បុគ្គលដែលធ្លាប់មានទំនាស់ជាមួយគាត់ថា ឲ្យប្រយ័ត្នខ្លួន។ រឿងនេះគាត់បានដាក់ពាក្យបណ្តឹងទៅតុលាការសូមឲ្យតុលាការជួយចាត់ការ លើបុគ្គលដែលបានគំរាមគាត់តាមទូរស័ព្ទ ប៉ុន្តែរហូតមកដល់ពេលនេះតុលាការនៅមិនទាន់ចាត់ការឲ្យចប់សព្វគ្រប់ នៅឡើយទេ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close