ការ​ប្រើប្រាស់​គ្រឿងញៀន​នៅ​កម្ពុជា​ នៅតែ​បន្ត​កើនឡើង​គួរឲ្យកត់សម្គាល់​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ (០៣ កុម្ភៈ ២០១៦) ៖ យោងតាម​របាយការណ៍រ​បស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បានឲ្យដឹងថា កំណើន​បទល្មើស​ទាក់ទង​ទៅ​នឹង​គ្រឿងញៀន​នៅក្នុង​ប្រទេស​កម្ពុជា បាន​ឆ្លុះបញ្ចាំង​ថា សកម្មភាព​អ្នកប្រើប្រាស់​គ្រឿងញៀន​ក្នុង​ប្រទេស​មួយ​នេះ នៅតែ​បន្ត​កើនឡើង​គួរឲ្យកត់សម្គាល់​។ កំណើន​បទល្មើស​គ្រឿងញៀន បាន​ធ្វើឲ្យ​សង្គម​កម្ពុជា​វឹកវរ ដែល​បង្ក​ឲ្យមាន​បញ្ហា​អសន្តិសុខ ដូច​ជា​ចោរកម្ម និង​អំពើ​ហិង្សា​ទូទៅ​។​

រូប​ភាព​ឯក​សារ​របស់​សារព័ត៌មាន​ Cambodia News។
រូប​ភាព​ឯក​សារ​របស់​សារព័ត៌មាន​ Cambodia News។

របាយការណ៍ដដែលបានឲ្យដឹងថា​ រហូតមកដល់​ពេលនេះ អ្នក​ប្រើប្រាស់​គ្រឿងញៀន​នៅ​កម្ពុជា កើនឡើង​ចំនួន​១៦៥៧៥​នាក់​​ កំណើន​នេះ បាន​ធ្វើ​ឲ្យ​ប្រមុខ​ដឹកនាំ​រដ្ឋា​ភិបាល​​​កម្ពុជា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដាក់​ចេញ​បទ​​​បញ្ជា​បទបញ្ជា​៥​ចំណុច ដើម្បី​ទប់ស្កាត់ និង​ពង្រឹង​វិធាន​ការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។​ ​វិធានកា​រទាំង​៥​នោះ ​រួម​មាន​៖

១-​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ និង​ក្រសួង​ស្ថាប័ន ពាក់ព័ន្ធ ត្រូវ​ចាត់តាំង​រៀបចំ និង​ជំរុញ​សកម្មភាព​ឲ្យបាន​ខ្លាំង​ក្លា​ថែម​ទៀត ក្នុង​ការផ្សព្វផ្សាយ​អប់រំ​ឲ្យមាន​​ការ​យល់​ដឹង​​ពី​​ផលប៉ះពាល់ និង​​ការ​ចាក​ចេញ​​ពី​ឥទ្ធិ​ពល​គ្រោះថ្នាក់ នៃ​គ្រឿងញៀន​ដល់​ប្រជាពលរដ្ឋ​។

២- ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញឿន និង​គណៈ​កម្មា​ធិ​ការ​​​ទទួល​បន្ទុក​ការងារ ព្យាបាល និង​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន ត្រូវ​ចាត់ចែង​រៀបចំ​ពង្រឹង លើកកម្ពស់​សមត្ថ​ភាព ការគ្រប់គ្រង ការផ្តល់សេវា និង​គុណភាព​សេវា​វេជ្ជសាស្ត្រ​។

៣-​ក្រសួងមហាផ្ទៃ និង​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​-​ខេត្ត ត្រូវ​ពង្រឹង​​បន្ថែម​ទៀត​ នូវ​ការអនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​មាន​សុវត្ថិភាព និង​ផែនការ​ប្រៀប​សមរភូមិ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​។

៤-​អាជ្ញាធរ​ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ក្រសួង​មហាផ្ទៃ ត្រូវ​ពង្រឹង​យន្តការ និង​តួនាទី​ដឹកនាំ​ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ដើម្បី​ពង្រឹង​ការអនុវត្ត​ទិសដៅ​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ឆ្នាំ​ ២០១៦​។

៥-​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ក្រសួង​មហាផ្ទៃ​ត្រូវ​ធ្វើ​ការតាមដាន បូកសរុប វាយតម្លៃ និង​ធ្វើ​របាយការណ៍​ពី​លទ្ធផល​ជូន​រាជរដ្ឋាភិបាល ដើម្បី​មាន​មូលដ្ឋាន​ដឹកនាំ​បន្ត​ប្រកបដោយ​ប្រសិទ្ធភាព​។

ជា​ ការកត់សម្គាល់ នៅក្នុង​បទបញ្ជា​របស់​សម្តេច​ហ៊ុន សែន បានលើកឡើង​ពី​ក្តីកង្វល់​ថា ស្ថិតក្នុង​ស្ថានភាព​ដែល​ពិភពលោក និង​តំបន់​កំពុងតែ​ប្រឈម​ទៅ​នឹង​និន្នាការ​កើនឡើង​នូវ​ការផលិត ការ​ចរាចរណ៍ និង​តម្រូវការ​ទីផ្សារ​ប្រើប្រាស់​គ្រឿងញៀន​នោះ កម្ពុជា​ក៏​ជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ជាច្រើន​ទៀត ដែល​ទទួល​រងគ្រោះ​ដោយសារ​ឥទ្ធិពល​នៃ​បទឧក្រិដ្ឋ​គ្រឿង​ញៀន​​ ហើយ​នៅ​ដំណាក់កាល​ចុងក្រោយ​នេះ ការប្រើប្រាស់​គ្រឿងញៀន​បាន​រីក​រាលដាល​គួរឲ្យ​ព្រួយបារម្ភ ជាពិសេស​ក្នុង​ស្រទាប់​យុវវ័យ ដោយ​បាន​បង្ក​ឲ្យមាន​ក្តី​កង្វល់​ជា​រួម​ក្នុង​សង្គម​កម្ពុជា​៕

ករណីប៉ូលិស​បង្ក្រាប​គ្រឿងញៀន​កន្លង​មក​។
ករណីប៉ូលិស​បង្ក្រាប​គ្រឿងញៀន​កន្លង​មក​។

Related Articles

Back to top button
Close
Close