ជប៉ុនចេញមុខអបអរចំពោះប្រធានាធិបតីទើបជាប់ឆ្នោតរបស់តៃវ៉ាន់
សារព័ត៌មាន Cambodia News/
ជប៉ុន (១៨ មករា ២០១៦) ៖ គណបក្សប្រឆាំងគឺគណបក្សចម្រើនប្រជាធិបតេយ្យរបស់លោកស្រី Tsai Ing-wen បានទទួលជោគជ័យក្នុងការផ្ដួលគណបក្សកាន់អំណាចគួមីនតាងកាលពីថ្ងៃទី១៦មករា ខណៈដែលអ្នកបោះឆ្នោតគាំទ្រយ៉ាងខ្លាំងចំពោះលោកស្រី។ ប៉ុន្ដែអ្នកបោះឆ្នោតហាក់ដូចជាបែរខ្នងដែរ ចំពោះទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសចិន។
តែយ៉ាងណាក៏ដោយ ទីក្រុងតូក្យូបានគាំទ្រយ៉ាងខ្លាំងចំពោះសមិទ្ធផលដែលលោកស្រី Tsaiសម្រេចបាន ហើយក៏បានគោរពសរសើរដល់លិទ្ធិប្រជាធិបតេយ្យរបស់តៃវ៉ាន់បន្ថែមទៀត។នេះបើតាមការបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍។
សូមបញ្ជាក់ថា ក្រោយពីការបោះឆ្នោតនៅតៃវ៉ាន់ ប្រធានាធិបតីទើបជាប់ឆ្នោតបានប្ដេជ្ញានឹងធ្វើការដើម្បីស្វែងរកសន្ដិភាព ស្ថេរភាព និងភាពជាដៃគូជាមួយចិន។ ប៉ុន្ដែចិនក៏ព្រមានទៅវិញថា ចិនអាចសហការបានក្នុងនាមជាដៃគូ ប៉ុន្ដែបើសិនតៃវ៉ាន់ចង់ទាមទារឯករាជ្យផ្ដាច់ខ្លួនចេញពីចិននោះមិនបានជាដាច់ខាត។ ចិនមិនព្រមឲ្យតៃវ៉ាន់ ធ្វើអ្វីតាមតែចិត្ដឡើយ៕