ក្រុមអ៊ីស្លាម IS ចាប់ផ្ដើមវាយសម្រុកចូលទៅទីក្រុង Ramadi ប្រទេសអ៊ីរ៉ាក់
សារព័ត៌មាន Cambodia News/
អ៊ីរ៉ាក់ (១៥ ធ្នូ ២០១៥) ៖ ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមISបានរាយការថា ខ្លួនបានចាប់ផ្ដើមវាយសម្រុកចូលទៅទីក្រុងRamadiប្រទេសអ៊ីរ៉ាក់ហើយ ដើម្បីវាយដណ្ដើមទីក្រុងមួយនេះ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
ប៉ុន្តែការវាយប្រហារនេះ ក៏មានកងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់កំពុងព្យាយាមដណ្ដើមទីក្រុងRamadiមកវិញដែរ។
បើតាមប្រភពសន្តិសុខអ៊ីរ៉ាក់បានបញ្ជាក់ថា ទាហានអ៊ីរ៉ាក់ប្រមាណ៣៥នាក់ និងកុលសម្ព័ន្ធនិកាយស៊ុននីជាច្រើននាក់ផ្សេងទៀត ត្រូវក្រុមអ៊ីស្លាមជ្រុលនិយមសម្លាប់ដោយធ្វើអត្តឃាតបំផ្ទុះគ្រាប់បែករថយន្ត។
យ៉ាងណាក៏ដោយ កងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់បានឡោមព័ទ្ធនៅទីក្រុង Ramadi ដើម្បីរៀបចំសម្រាប់ការវាយប្រហារ។ កងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់ក៏បានអះអាងថា ទីក្រុងRamadiត្រូវបំផ្លិចបំផ្លាញតាំងពីខែឧសភាមកម្ល៉េះ។ ដោយឡែក យោធាអាមេរិកជឿជាក់ថា មនុស្សប្រមាណ៦០០នាក់ ទៅ១,០០០នាក់ ជាក្រុមសកម្មប្រយុទ្ធនៅក្នុងទីក្រុងរ៉ាម៉ាឌី ប្រទេសអ៊ីរ៉ាក់។
ពាក់ព័ន្ធនឹងបញ្ហានេះ កាលពីថ្ងៃទី១៤ធ្នូប្រធានាធិបតីអាមេរិកលោកBarack Obamaបានបង្ហើរសំឡេងថា លោកនឹងបំផ្លាញក្រុមអ៊ីស្លាមIS និងយកទឹកដីមកវិញនៅមជ្ឈឹមខាងកើត។
លោក Obamaបាននិយាយថា សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន កំពុងប្រយុទ្ធប្រឆាំងក្រុមអ៊ីស្លាមIS នៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរីហើយ។ លោកអូបាម៉ា បានបញ្ជាក់ទៀតថាសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តខ្លួន កំពុងត្រៀមកំណត់ទិសដៅបំផ្លាញរថយន្តប្រេង និងរោងចក្រប្រេងរបស់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមIS៕