សម្តេច ហ៊ុន សែន ផ្ញើសារ លើកទឹកចិត្តដល់បងប្អូនជនពិការ ក្នុងឱកាសទិវាជនពិការ ៣ធ្នូ
សារព័ត៌មានយុវវ័យថ្មី/
ភ្នំពេញ (០៣ ធ្នូ ២០១៥) ៖ ទិវាជនពិការថ្ងៃទី៣ ខែធ្នូ ២០១៥ នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុនសែន បានផ្ញើសារ លើកទឹកចិត្តដល់បងប្អូនជនពិការកម្ពុជាថា យើងពិការតែរាងកាយ តែយើងមិនពិការផ្លូវចិត្តទេ។ សម្តេចតេជោ ហ៊ុនសែន ក៏បានអំពាវនាវ កុំឲ្យមានការរើសអើងជនពិការ។
នៅព្រឹកព្រលឹមថ្ងៃទី៣ធ្នូ ទិវាជនពិការ សម្តេចតេជោហ៊ុនសែន បានលើកឡើងថា “ខ្ញុំចង់និយាយទៅកាន់បងប្អូនក្នុងឋានៈជាជនពិការដូចគ្នាថា យើងពិការតែរាងកាយ តែយើងមិនពិការផ្លូវចិត្តទេ។ យើងសូមបងប្អូន ដែលមិនពិការ មេត្តាកុំរើសអើងជាមួយពួកយើង រហូតប្រមាថយើងថា អាខ្វាក់ អាកំបុត អាគ អាថ្លង់។ល។”។
នៅលើហ្វេសប៊ុកដោយមានរូបថតជាច្រើនប៉ុស្តិ៍ សម្តេចតេជោ ហ៊ុនសែន បានលើកឡើងថា “បទពិសោធន៍ដែលខ្ញុំជាជនពិការម្នាក់ អាចដឹកនាំចលនាតស៊ូរំដោះជាតិបាន រកសន្តិភាព និងការ
អភិវឌ្ឍបាន រហូតកាន់តំណែងកំពូលជាង ៣០ឆ្នាំបាន នោះគឺផ្តើមចេញពីការខិតខំតស៊ូដោយ
ខ្លួនឯង និងមានការគាំទ្រពីប្រជាជន។ មិនមានជោគជ័យណាមួយរត់មករកយើងដោយខ្លួនឯងទេ គឺមានតែយើងទេ ដែលត្រូវរត់ទៅរកជោគជ័យនោះ”។
សម្តេចហ៊ុនសែន បានគូសបញ្ជាក់ថា “ខ្ញុំសូមអំពាវនាវទៅកាន់ស្ថាបន័រដ្ឋ និងផ្នែកឯកជនជួយបង្កលក្ខណៈឱយបងប្អូនជនពិការ ទទួលបាននូវការបណ្តុះបណ្តាល
នឹងទទួលបាននូវការងារធ្វើសមរម្យ។ សូមជួយរៀបចំកន្លែងសំរាប់ធ្វើដំណើររបស់ជនពិការ នៅតាមអាគារនៃស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជនព្រមទាំងតាមទីកន្លែងផ្សេងទៀត ដូចជាព្រលានយន្តហោះ កំពង់ផែ។ល។ សូមស្ថានីយទូរទស្សន៍ ជួយរៀបចំឱយមានអ្នកប្រើភាសាសញ្ញា ដើម្បីជួយឱយអ្នកគថ្លង់ អាចទទួលបាននូវព័ត៌មាន”៕