សម្តេច ហ៊ុន សែន ប្រតិកម្ម នឹងអ្នកវិភាគពីបញ្ហាផ្អាកពិធីបុណ្យអំទូក
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៥ វិច្ចិការ ២០១៥) ៖ នៅក្នុងពិធីសម្ភោធគម្រោងការពារទឹកជំនន់ និងកែរលម្អប្រព័ន្ឋប្រឡាយលូ នៅសួនច្បារ មុខវត្តបទុមវត្តី នាព្រឹកថ្ងៃទី០៥ វិច្ចិការ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចេញប្រតិកម្មខ្លាំងៗនឹងអ្នកវិភាគនយោបាយមួយចំនួន ដែលនិយាយវិភាគពីការផ្អាកពិធីបុណ្យអំទូកឆ្នាំ២០១៥ នេះ។
ដោយសម្តេច បានប្រកាសថា បើសិនជាអ្នកវិភាគ ឬក៏អ្នកនយោបាយ រាប់ទាំងតំណាងរាស្ត្រមួយចំនួនរបស់គណបក្សសង្គ្រោះជាតិ ដែលថា ទឹកមានកម្រិតទាប ក៏អាចអុំទូកបានដែរនោះ សូមអញ្ជើញអ្នកទាំងនោះ មកអុំ ដោយសម្តេចរៀបចំ និងចេញលុយឲ្យ។
ជាមួយគ្នានោះសម្តេចក៏បានប្រកាសឲ្យអាជ្ញាធររៀបចំការប្រគុំតន្ត្រី Concert ឲ្យច្រើន នៅភ្នំពេញ ក្នុងថ្ងៃឈប់ សម្រាកព្រះរាជពិធីបុណ្យអុំទូក រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦វិច្ឆិកា អ្នកចម្រៀងល្បីៗរបស់កម្ពុជាទាំងអស់ ត្រូវយកមកច្រៀងកម្សាន្តនៅក្នុងព្រះរាជពិធីបុណ្យអុំទូកនាឆ្នាំនេះ។
គួរបញ្ជាក់ថា ក្រោយពេលរដ្ឋាភិបាលចេញសារាចរណែនាំផ្អាកព្រះរាជពិធីបុណ្យអំទូកនៅរាជធានីភ្នំពេញនាឆ្នាំ២០១៥នេះ ដោយសារកត្តាផ្សេងៗ ក៏មានសាធារណជនមួយចំនួនបានសម្ដែងក្ដីមិនពេញចិត្តចំពោះរដ្ឋាភិបាល ដោយពួកគេយល់ថានេះគឺជាពិធីបុណ្យប្រពៃណីជាតិមិនអាចមិនប្រារព្ធនោះទេ៕