សម្តេច ហ៊ុន សែន នឹងជួបជាមួយម្ចាស់ក្រុមហ៊ុនប្រេងសាំងរឿងតម្លើងថ្លៃសាំង
សារព័ត៌មាន Cambodia News /
ភ្នំពេញ (២០ តុលា ២០១៥) ៖ ក្នុងឱកាសប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យវេស្ទើន កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ម្សិលមិញ នៅវិទ្យាស្ថានជាតិអប់រំ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន ស្នើសុំឲ្យក្រុមហ៊ុនលក់ប្រេងសាំងនានានៅក្នុងប្រទេសកម្ពុជា បើបានជាចុះថ្លៃហើយ សុំកុំឡើងវិញ ។
សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ចំពោះករណីអ្នកផ្តល់ដំណឹងឲ្យខ្ញុំតាមគេហទំព័រ សូមប្រយ័ត្នចុះ១០០រៀលមុនភ្ជុំ, ឡើងវិញ៣០០រៀលក្រោយភ្ជុំ! កុំណា! សុំផ្តាំផ្ញើទៅអ្នកលក់សាំងទាំងឡាយ បើមិនបានបន្តចុះទេ សុំអាណិតកុំឡើងថ្លៃ ។
ទាក់ទឹននឹងបញ្ហានេះដែរ សម្តេច ហ៊ុន សែន បានមានប្រសាសន៍បន្តថា សម្តេចនឹងជួបជាមួយម្ចាស់ក្រុមហ៊ុនប្រេងសាំងរឿងតម្លើងថ្លៃសាំង ផ្ទាល់តែម្តង ហើយឲ្យលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មធ្វើមេគុណដើម្បីកំណត់និយាយជាមួយគ្នាអំពីបញ្ហាឡើងថ្លៃ, ចុះថ្លៃនេះ កុំឲ្យតាមស្រេចតែនឹងចិត្តរបស់ខ្លួនពេក។
តាមរយៈទំព័រហ្វេសប៊ុក ផ្លូវការរបស់សម្តេច ហ៊ុន សែន ក៏ធ្លាប់បានអំពាវនាវ ឲ្យបណ្ដាក្រុមហ៊ុនប្រេងសាំង នៅកម្ពុជា កុំតម្លើងថ្លៃសាំង នាឳកាសនាពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីសម្រួល ដល់ប្រជាពលរដ្ឋ។ ជាការឆ្លើយតប ក៏មានក្រុមហ៊ុន ប្រេងសាំង ក្នុងស្រុកចំនួន៥ រួមមានក្រុមហ៊ុន សូគីម៉ិច តេលា LHR សាវីម៉ិច និង BVM បានសម្រេចបញ្ចុះ តម្លៃសាំង១០០រៀល ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥៕ ដោយ៖ ហេង នាង