ការដ្ឋាន​ស្ពាន​អាកាស​តិច​ណូ កំណាត់​ទី​៣ នឹង​ប៉ះពាល់​ការធ្វើ​ចរាចរ ៤៥​ថ្ងៃ

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ​ (១៥ កញ្ញា ២០១៥) ៖ អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ បាន​ផ្សព្វផ្សាយ​ថា កន្លងមក ស្ពាន​អាកាស​តិច​ណូ បាន​ចាក់​បេតុង កម្រាល​ស្ពាន​ចំនួន ២ កំណាត់​រួចហើយ ប្រវែង ១០០ ម៉ែត្រ ទទឹង ១៥,៨ ម៉ែត្រ ក្នុងខណៈ​ពេលនេះ ការដ្ឋាន​ឈានដល់​ដំណាក់កាល នៃ​ការរៀបចំ​ការងារ ចាក់​បេតុង​កំណាត់​ទី​៣ មាន​ប្រវែង ៩០ ម៉ែត្រ ទទឹង ១៥,៨ ម៉ែត្រ ដែលមាន​ទីតាំង​ស្ថិត នៅ​ចំណុចកណ្តាល នៃ​ស្ពាន​ហើយ​ជា​ចំណុចប្រសព្វ នៃ​មហាវិថី​សហព័ន្ធ​រុស្ស៊ី និង​មហាវិថី​ម៉ៅ​សេទុង​-​គីម​អី​ល​ស៊ុ​ង​។​

​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ ស្នើសុំ​ការយោគយល់ អធ្យាស្រ័យ ចំពោះ​ការរៀបចំ ជើង​សសរ​ទម្រ​ពុម្ព​តួ​ស្ពាន ចំនួន ៥​ជួរ ស្មើនឹង ៤​ប្រឡោះ កាត់​ទទឹង​មហាវិថី ម៉ៅ​សេទុង​-​គីម​អ៊ី​ល​ស៊ុ​ង ដែល​ប៉ះពាល់​ដល់ ការធ្វើ​ចរាចរ ចំនួន ៤៥​ថ្ងៃ​។ ផុត​រយៈ​ពេលនេះ ការដ្ឋាន នឹង​បើក​ឲ្យ​ការធ្វើ​ចរាចរ ជា​ប្រក្រតី​វិញ ហើយក៏​ដាក់​ឲ្យ​ប្រព័ន្ធ​ចរាចរ​ថ្មី ដែល​ល្អប្រសើរ ជាង​មុន​ផងដែរ​។​

​ជាមួយគ្នានេះ អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ បាន​ណែនាំ​ថា​៖ ១-​ការធ្វើ​ចរាចរ​យានយន្ត ត្រូវគោរព​ដូច​ស្ថានភាព​បច្ចុប្បន្ន​ដដែល លើកលែងតែ​រថយន្ត​ធំ ត្រូវ​ហាម​បត់​ឆ្វេង ពី​មហាវិថី​សហព័ន្ធរុស្ស៊ី ទៅ​មហាវិថី​គីម​អ៊ី​ល​ស៊ុ​ង​។ ២-​ត្រូវ​បើកបរ​គោរព​ស្លាក​សញា​ចរាចរ និង​ហាម​ដឹក​សំពីងសំពោង លើសពី​កំពស់ ៤,២ ម៉ែត្រ ខាងក្រោម​ពុម្ព​ស្ពាន​។ ៣-​ដើម្បី​សុវត្ថិភាព ការដ្ឋាន នឹង​បិទ​មួយផ្នែក នៅពេល​យប់​ចំណុច​ក្រោម​ស្ពាន ក្នុងពេល​តម្លើង​ពុម្ព ឆ្លងកាត់​ផ្លូវ​៕​

រូបពី​ទំព័របណ្ដាញសង្គម Facebook របស់សាលា​រាជ​ធានីភ្នំ​ពេញ។
រូបពី​ទំព័របណ្ដាញសង្គម Facebook របស់សាលា​រាជ​ធានីភ្នំ​ពេញ។

 

Related Articles

Back to top button
Close
Close