ជប៉ុនផ្តល់ជំនួយឥតសំណង និងកម្ចីសម្បទានដល់កម្ពុជា ៤.២៩១ លានយ៉េន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៧ មីនា ២០១៥) ៖ រដ្ឋាភិបាលប្រទេសជប៉ុន បានសម្រេចផ្តល់ជំនួយឥតសំណង និងកម្ចីសម្បទានសរុបប្រមាណ ៤.២៩១លានយ៉េន ស្មើនិង ២៣០លានដុល្លារសហរដ្ឋ អាមេរិក ដល់រាជរដ្ឋាភិបាលប្រទេស កម្ពុជា លើការអនុវត្តគម្រោងពីរ ស្ថិតនៅតាមបណ្តារខេត្តមួយចំនួន។ [ អានបន្ត ]
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស ចុះថ្ងៃទី២៦ ខែមីនា ឲ្យដឹងថា នៅព្រឹកថ្ងៃទី៣០ ខែមីនាខាងមុខនេះ លោកហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា នឹងធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខា រវាងលោកឧបនាយក រដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក យូជី គូម៉ាម៉ារូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លើលិខិតប្តូរសារ និងកំណត់ហេតុពិភាក្សា ស្តីពីការ ផ្តល់ជំនួយ ឥតសំណង និងកម្ចីសម្បទាន នៅទីស្តីការក្រសួងការបរទេស។
គំរោងជំនួយឥតសំណង មានទឹកប្រាក់ ប្រមាណ ៣៦លានដុល្លារ អភិវឌ្ឍន៍នៅ ខេត្ត រួមមាន ទី១.គំរោងកែលំអ មន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀង។ ២.គំរោងអភិវឌ្ឍន៍ ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ នៅទីក្រុងភ្នំពេញ។ ៣.គំរោងជំនួយឥតសំណងបន្ថែម សម្រាប់គំរោងសាងសង់ និងកែលំអ រោងចក្រវារីអគ្គិសនីខ្នាតតូច នៅខេត្តរតន គិរី។
គម្រោងមួយទៀតគឺ គំរោងពង្រីកប្រព័ន្ធបញ្ជូន និងចែកចាយអគ្គិសនីនៅរាជធានីភ្នំពេញ ជំហានទី២។ ចុងក្រោយគឺគំរោងធ្វើឲ្យប្រសើរឡើងនូវ ផ្លូវជាតិលេខ៥ កំណាត់ផ្លូវពីធ្លាម្អម ខេត្តបាត់ដំបង និង សិរីសោភ័ណ៕