ការិយាល័យព័ត៌មាន​​រដ្ឋាភិបាល​ លែង​​ត្រូវ​ការ​​ទៀត​ហើយ​​នៅ​តៃវ៉ាន់

កាសែតតៃវ៉ាន់

ធ្វេើបច្ចុប្បន្នភាពចុងក្រោយនៅវេលា៖ 16 កក្កដា 2012 10:39 ល្ងាច

តៃវ៉ាន់បានដកចេញច្បាប់អាជ្ញាសឹកកាលពីជាង២០ឆ្នាំមុន ដើម្បីបង្កើតឲ្យមានលទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែសញ្ញាមួយរបស់អតីតកាលផ្តាច់ការ ទើបតែសាបរលាបទៅក្នុងប្រវត្តិសាស្រ្ត កាលពីសប្តាហ៍នេះតែប៉ុណ្ណោះ។

ការិយាល័យព័ត៌មានរដ្ឋាភិបាល (Government Information Office) ដែលត្រូវបានបង្កើតឡើងនៅក្នុងប្រទេសចិន មុនពេលគណបក្សជាតិនិយម (Nationalist Party) បានភៀសខ្លួនទៅតៃវ៉ាន់ បានបំបែក (disbanded) ជាផ្លូវការនៅថ្ងៃទី២០ឧសភា ខណៈដែលលោកប្រធានាធិបតី ម៉ា យីងជឺ (Ma Ying-jeou) ចាប់ផ្តើមអណត្តិទីពីររបស់លោក។ ក្រុមមន្រ្តីនិយាយថា ពួកគេបំបាត់ចោលនាយកដ្ឋាននេះ ដើម្បីបង្កើនប្រសិទ្ធភាពរដ្ឋាភិបាលនិងធ្វើតាមប្រទេសជិតខាងដែល ពុំធ្លាប់មានទីភ្នាក់ងារបែបនោះ។

ឈរ នៅនឹងមុខរូបថតមេដឹកនាំស្ថាបនិកនៃប្រជាមានិតចិន លោកបណ្ឌិត ស៊ុន យ៉ាត់សេន ប្រធានាធិបតីតៃវ៉ាន់ Ma Ying-jeou ថ្លែងសន្ទរកថាទៅកាន់មន្រ្តីរដ្ឋាភិបាលនិងភ្ញៀវកិត្តយសអន្តរជាតិក្នុង ពិធីចូលកាន់ដំណែងនៅឯអាគារប្រធានាធិបតីក្នុងរដ្ឋធានីតៃប៉ិ តៃវ៉ាន់ នៅ

ក្រុមអ្នកវិភាគនយោបាយនៅតៃវ៉ាន់ថ្លែងថា តួនាទីជាគន្លឹះរបស់នាយកដ្ឋាននេះកាលពីអតីតកាល ហួសសម័យជាយូរយាណាស់មកហើយ។ តួនាទីទាំងនោះ រាប់បញ្ចូលទាំងការត្រួតពិនិត្យព័ត៌មានក្នុងស្រុក ដោយប្រាប់ក្រុមអ្នកសារព័ត៌មានអំពីអ្វីដែលត្រូវសសេរ ព្រមទាំងការជ្រើសរើសការផ្សាយភាពយន្តគាំទ្រសង្គមតៃវ៉ាន់ សម្រាប់ទស្សនិកជនតៃវ៉ាន់។ ទីភ្នាក់ងារដូចគ្នានេះដែរ ធ្លាប់បានធ្វើអោយរំជើបរជួលនៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ដោយអំពាវនាវទៅកាន់ពិភពលោកឲ្យធ្វើការគាំទ្រ ដោយសារតែការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសចិន បានធ្វើឲ្យតៃវ៉ាន់ស្ថិតក្នុងភាពឯកោខាងការទូត។

លោក ដានីញែល ហ័ង (Daniel Huang) អតីតអ្នកតាក់តែងច្បាប់និងធ្លាប់ជាមន្រ្តីមួយរូបនៅក្នុង ការិយាល័យព័ត៌មានរដ្ឋាភិបាល បាននិយាយថា លទ្ធិប្រជាធិបតេយ្យបានកាត់បន្ថយសារៈសំខាន់របស់ទីភ្នាក់ងារនេះ។

លោកថ្លែងទៀតថា ចាប់តាំងពីតៃវ៉ាន់ បានអនុញ្ញាតឲ្យមានការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យមក ក្រុមអ្នកសារព័ត៌មានក្នុងស្រុក អាចចូលទៅជួបប្រធានាធិបតីដោយផ្ទាល់តែម្តង ដោយមិនចាំបាច់ឆ្លងកាត់ការិយាល័យព័ត៌មានរដ្ឋាភិបាល ដើម្បីស្នើសុំរដ្ឋាភិបាលឲ្យពន្យល់អំពីគោលនយោបាយក្នុងស្រុកឡើយ។ លោកហ័ង បានឲ្យដឹងទៀតថា ដោយសារតែច្បាប់អាជ្ញាសឹកត្រូវបានដកចេញហើយលទ្ធិប្រជាធិបតេយ្យបាន ចាប់ផ្តើមអនុវត្ត តួនាទីរបស់ការិយាល័យព័ត៌មានក្នុងស្រុក កាន់តែថមថយបនិ្តចម្តងៗ។

គណបក្សជាតិនិយមបានគ្រប់គ្រងតៃវ៉ាន់ ដោយប្រើកណ្តាប់ដៃផ្តាច់ការ ចាប់តាំងពីការបង្កើតរដ្ឋាភិបាលរបស់ពួកគេ កាលពីឆ្នាំ១៩៤៩មកម្ល៉េះ ដោយមានចេតនាចង់ទាមទារទឹកដីចិនដីគោកមកវិញ បន្ទាប់ពីទឹកដីនេះបាត់បង់ទៅក្នុងក្រុមកុម្មុយនីស្តរបស់លោក ម៉ៅ សេទុង (Mao Zedong)។

ក្នុងអំឡុងឆ្នាំដំបូងនៃការគ្រប់គ្រងរបស់គណបក្សជាតិនិយមនៅ តៃវ៉ាន់ ការិយាល័យព័ត៌មានរដ្ឋាភិបាល បានហាមឃាត់យ៉ាងដាច់អហំការ ចំពោះសារព័ត៌មាន ឬព្រឹត្តិបត្រទាំងឡាយណា ដែលចោទសួរអំពីការគ្រប់គ្រងរបស់គណបក្សជាតិនិយមនេះ។ កិច្ចប្រឹងប្រែងរបស់ខ្លួន គឺជាផ្នែកមួយនៃការបង្ក្រាបយ៉ាងធំធេង ហើយពេលខ្លះអាចបណ្តាលឲ្យស្លាប់ ដែលត្រូវបានស្គាល់ថាជា «អំពើភេរវកម្មពណ៌ស» ឬហៅជាភាសាអង់គ្លេសថា White Terror។ នៅដើមទសវត្សរ៍ឆ្នាំ១៩៨០ ការិយាល័ដូចគ្នានេះដែរ បានបញ្ឈប់ការបោះពុម្ពផ្សាយដែលបង្កើតឡើងដោយចលនាមួយដែលក្រោយមក បានក្លាយទៅជាគណបក្សប្រឆាំងដ៏ធំរបស់កោះតៃវ៉ាន់ បន្ទាប់ពីលទ្ធិប្រជាធិបតេយ្យបានចាក់ឬសនៅលើដែនកោះនេះ។

នៅក្នុងឆ្នាំ១៩៨៧ បន្ទាប់ពីកំនើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សអស់រយៈពេលជាងមួយ ទសវត្សរ៏រួចមក នៅទីបំផុត តៃវ៉ាន់ បានដកចេញច្បាប់អាជ្ញាសឹកដើម្បីបន្ធូរសម្ពាធពីសំណាក់ ប្រជាពលរដ្ឋ ក៏ដូចជាសម្ព័ន្ធមិត្តមិនផ្លូវការយ៉ាងរឹងមាំរបស់ខ្លួន គឺ សហរដ្ឋអាមេរិក។ កាលពីប៉ុន្មានឆ្នាំមុននេះ ស្ថាប័នជាច្រើនដែលធ្លាប់ត្រូវបានចោទប្រកាន់ពីបទអនុវត្តការគ្រប់ គ្រងបែបផ្តាច់ការ ត្រូវបានរំលាយចោលឬរៀបចំឡើងវិញដើម្បីឲ្យសមស្របទៅតាម លទ្ធិប្រជាធិបតេយ្យ។

លោករដ្ឋមន្រ្តីទទួលបន្ទុកការិយាល័យព័ត៌មានរដ្ឋាភិបាលដែលផុត អណត្តិ លោកហ្វីលីព យ៉ាង (Philip Yang) មានប្រសាសន៍ថា បន្ទាប់មក ទីភ្នាក់ងាររបស់លោកបានផ្លាស់ប្តូរជាអ្នកបម្រើក្នុងវិស័យ ព័ត៌មានសេរី និងប្រើប្រាស់ការបោះពុម្ពផ្សាយក្នុងស្រុកដើម្បីផ្សព្វផ្សាយពី តៃវ៉ាន់នៅឯក្រៅប្រទេស។

លោកប្រធានាធិបតី ម៉ា យីងជឺ បានថ្លែងក្នុងពិធីលាគ្នារបស់ការិយាល័យព័ត៌មានរដ្ឋាភិបាលថា ជោគវាសនារបស់នាយកដ្ឋាននេះ កំពុងចោទជាបញ្ហាចាប់តាំងពីថ្ងៃដែលច្បាប់អជ្ញារសឹកត្រូវបាន រំលាយចោល។

លោក ម៉ា មានប្រសាសន៍ថា ពិភពលោកទាំងមូល គិតថា តៃវ៉ាន់កំពុងតែផ្លាស់ប្តូរ ប៉ុន្តែនៅពេលច្បាប់អាជ្ញាសឹក ត្រូវបានដកចេញ មនុស្សជាច្រើនមិនដឹងអំពីថាតើពួកគេត្រូវដោះស្រាយជាមួយនឹង ភាពជាអ្នកដឹកនាំបែបថ្មីយ៉ាងដូចម្តេចនោះទេ។ ហើយ ការិយាល័យព័ត៌មានរដ្ឋាភិបាល បានប្រឈមបញ្ហាធំៗមួយចំនួន ដើម្បីស្វែងយល់តួនាទីរបស់ការិយាល័យ នាពេលអនាគត។

កាលពីថ្ងៃទី៥ខែឧសភា បុគ្គលិកការិយាល័យព័ត៌មានចំនួនប្រហែល ៧០០នាក់ និងការតព្វកិច្ចរបស់ពួកគេ ត្រូវរួមបញ្ចូលទៅក្នុងនាយកដ្ឋានដទៃទៀតរបស់រដ្ឋាភិបាល ពោលគឺ ក្រសួងការបរទេសនិងក្រុមប្រឹក្សាកិច្ចការវប្បធម៌ជាដើម៕ (អត្ថបទ VoA ប្រែសម្រួលដោយ គឹង ភិរុណ)

Related Articles

Back to top button
Close
Close