កម្ពុជា នឹងទទួលឥទ្ធិពលខ្យល់មូសុងនិរតីខ្លាំង នៅតំបន់ឆ្នេរសមុទ្រ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៩ ឧសភា ២០១៤) ៖ ក្រសួងធនធានទឹក និងឧតុនិយម ឲ្យដឹងថា កម្ពុជានឹងទទួលឥទ្ធិពលខ្យល់មូសុងនិរតីខ្លាំង លើតំបន់ផ្ទៃសមុទ្រ និងតំបន់់ឆ្នេរសមុទ្រកម្ពុជា ចាប់ពីថ្ងៃទី ០៦ ដល់ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០១៤ នេះ។
សេចក្តីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយកាលពីថ្ងៃទី ០៦ ខែមិថុនានេះ ឲ្យដឹងថា ការទទួលឥទ្ធិពលខ្យល់មូសុងនិរតីខ្លាំងនេះ នឹងធ្វើមានភ្លៀងធ្លាក់ច្រើនលាយឡំជាមួយនឹងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ខ្លាំង ហើយរលកសមុទ្រមានកម្ពស់ពី ១ម៉ែត្រ ទៅ ២,៥០ម៉ែត្រ។
រីឯនៅតំបន់ឆ្នេរសមុទ្រវិញ ផ្ទៃមេឃនៅតំបន់ឆ្នេរសមុទ្រនៃខេត្តកោះកុង ព្រះសីហនុ កែប និងខេត្តកំពត នឹងមានពពកច្រើនដេរដាស មានភ្លៀងធ្លាក់ពីមធ្យមទៅច្រើនលាយឡំជាមួយនឹងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ខ្លាំង។
សេចក្តីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម ក៏អំពាវនាវឲ្យសាធារណជន ពិសេសបងប្អូនប្រជានេសាទសមុទ្រ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ៕