ថៃសង្ឃឹមថា ប្រទេសជាសមាជិកអាស៊ាន នឹងយល់ពីភាពចាំបាច់នៃការធ្វើរដ្ឋប្រហារ
សារព័ត៌មាន Cambodia News
ថៃ (០៦ មិថុនា ២០១៤) ៖ ស្ថិតក្នុងដំណើរទស្សកិច្ចទៅកាន់ប្រទេសវៀតណាមរយៈពេលពីរថ្ងៃ រដ្ឋមន្ដ្រីជាន់ខ្ពស់ក្រសួងការបរទេសថៃ លោក ស៊ីហាសាក់ ផងកេតកែវ (Sihasak Phuangketkeow) បានបញ្ជាក់ពីជំហរនៃការធ្វើរដ្ឋប្រហារកាលពីថ្ងៃទី២២ឧសភា ទៅដល់ប្រទេសវៀតណាម ក៏ដូចជាប្រទេសជាសមាជិកអាស៊ាន។
លោកសង្ឃឹមយ៉ាងមុតមាំដែរថា វៀតណាមនិងប្រទេសជាសមាជិកអាស៊ាន ពិតជាយល់ពីអ្វីដែលថៃបានធ្វើកន្លងមក។ លោកបានបញ្ជាក់បន្ថែមថា វាមានសារៈសំខាន់ខ្លាំងណាស់ ដែលត្រូវពន្យល់ឱ្យ វៀតណាមយល់ពីការ ចូលកាន់អំណាចរបស់កងយោធាក្នុងប្រទេសថៃ។
រដ្ឋាភិបាលយោធា បានដាក់នូវជំហានធំៗចំនួនបី ដើម្បីបង្កើតឱ្យមានឡើងវិញនូវការស្រុះស្រួលគ្នា និងឈានទៅរកការបោះឆ្នោតជាសាកល ដើម្បីធ្វើឱ្យស្ថានភាព ក្នុងប្រទេសថៃ បានល្អប្រសើឡើងវិញ។
ម្យ៉ាងវិញទៀត រដ្ឋាភិបាលយោធាថៃនឹងបញ្ជូន មន្ដ្រីជាន់ខ្ពស់ក្រសួងការបរទេស ទៅកាន់ប្រទេសអាស៊ានទៀតផងដែរ ដូចជាជប៉ុន ចិន អូស្ដ្រាលីជាដើម ដើម្បីពន្យល់ពីស្ថានភាពក្នុងប្រទេសថៃ។
គួរបញ្ជាក់ថា ចាប់តាំងពីថៃបានប្រកាសធ្វើរដ្ឋប្រហារ កាលពីថ្ងៃទី២២ឧសភា មានប្រទេសមួយចំនួនបានផ្អាកកិច្ចសហប្រតិបត្ដិការជាមួយថៃ។ សកម្មភាពនេះ ដោយសារតែថៃកំពុងមានភាពចលាចលកើតឡើង ហើយរង់ចាំដល់បញ្ហាត្រូវបានដោះស្រាយ ទើបមានទំនាក់ទំនងជាថ្មី៕