បើកឡាន បុកម៉ូតូ ស្ត្រីម្នាក់ស្លាប់ហើយដកកាំភ្លើងភ្ជង់គំរាមប្រជាពលរដ្ឋ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៣០ ឧសភា ២០១៤) ៖ រថយន្តធុនត្រាបើកបុករះម៉ូតូ២គ្រឿងនិងស្ត្រីម្នាក់ជាប់ក្រោម រថយន្តរុញទៅបុកទម្លុះរបងក្រសួងកសិកម្មបណ្តាលឲ្យនារីម្នាក់ស្លាប់ ជាប់នៅក្រោមរថយន្ត ហើយអ្នក បើកជិះរថយន្តបង្កដកកាំភ្លើងភ្ជង់គំរាមអ្នកឃើញហេតុការណ៍ហើយ នាំគ្នាគេចខ្លួនអស់ ។
គ្រោះថ្នាក់នេះកើតឡើងនៅមុខក្រសួងកសិកម្ម ត្រង់ចំណុចស្តុបចំការមន មហាវិថីម៉ៅសេទុងកែងមហាវិថីព្រះនរោត្តម សង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី៣០ ខែឧសភា ។
រថយន្តបង្កម៉ាកធុនត្រា ពណ៌ស ពាក់ស្លាកលេខខេមរភូមិន្ទ ០៩.២.១១៣៣ ធ្វើដំណើរតាមមហាវិថីព្រះនរោត្តម ពីលិចទៅកើត ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចខាងលើរថយន្តបត់ស្តាំ ទៅបុករះម៉ូតូ២ គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BI 4343 និងមួយគ្រឿងទៀតម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1A 9479 ម៉ូតូទាំង២គ្រឿងនេះ ជិះគ្នា៣នាក់ ប្រុស២នាក់ ស្រីម្នាក់ ដែលកំពុងជិះឆ្លងផ្លូវមហាវិថីម៉ៅសេទុង ពីជើងទៅត្បូង ត្រូវរថយន្តបុកពេញទំហឹង ធ្វើឲ្យម៉ូតូ២គ្រឿងជាប់នៅមុខរថយន្តនិងបុកស្ត្រីម្នាក់ផ្លោងចូល ក្រោមរថយន្តត្រូវរថយន្តបើកអូសឡើងទៅលើខឿនទៅបុកទម្លុះរបង ក្រសួងកសិកម្មបាក់អស់មួយផ្ទាំងធំជ្រុលទៅបុកបាក់គុម្ពឬស្សីបាក់ អស់មួយគុម្ពទៀត បណ្តាលឲ្យស្ត្រីម្នាក់កៀបជាប់នៅក្រោមរថយន្តដាច់ជើងមួយកំណាត់ ខាងឆ្វេងខ្ទាតចេញនិងបែកក្បាលស្លាប់គួរឲ្យអណោចអធ័ម ចំណែក២នាក់ទៀតខ្ទាតចេញក្រៅរថយន្តរងរបួសធ្ងន់ត្រូវរថយន្ត សង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ ។
សពស្ត្រីស្លាប់កៀបជាប់ក្រោមរថយន្តមានឈ្មោះ ឃៀម នារី អាយុ៤០ឆ្នាំ មុខរបរធ្វើការផ្ទះនៅក្នុងបូរីពិភពថ្មី ស្ថិតនៅភូមិ ត្រពាំងថ្លឹង សង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ មានទីលំនៅភូមិ ធម្មវិន័យ ឃុំ ស្នោ ស្រុក ព្រៃកប្បាស ខេត្ត តាកែវ ។
ក្រោយពេលកើតហេតុអ្នកជិះក្នុងរថយន្តបង្កមានស្រីមានប្រុស បាននាំគ្នាចុះពីលើរថយន្តដក កាំភ្លើងភ្ជង់គំរាមអ្នកឃើញហេតុការណ៍ស្របពេលនោះ មានរថយន្តឡង់គ្រីស្ស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ នប ២.៥៤០០ មួយគ្រឿងទៀតបើកមកដល់បាននាំគ្នារត់ឡើងរថយន្តចេញទៅបាត់អស់ ៕