ចេញសេចក្ដីថ្លែងការណ៍បញ្ជាក់ពីសិទ្ធិរបស់កម្មករ
ដោយ សយ ដុល្លា
ភ្នំពេញ (១៨ កក្កដា ២០១២)៖ សហជីពការងារប្រទេសកម្ពុជានៅព្រឹកថ្ងៃពុធនេះបានរួមគ្នាធ្វើសេចក្ដីថ្លែងការណ៍មួយដោយផ្ដោតលើកិច្ចសន្យាការងារមានថេរវេលា កំណត់។
សេចក្ដីថ្លែងការណ៍នេះធ្វើឡើងបន្ទាប់ពីសិក្ខាសិលាមួយនៅឯសណ្ឋាគារអ៊ិនធឹខនស្តីពីការឆ្លើយតបរបស់សហជីពចំពោះ បញ្ហាកិច្ចសន្យាខ្លី។ សិក្ខាសិលានេះមានរយៈពេលពីរថ្ងៃ ដោយមានការចូលរួមពីបណ្ដាសហជីពនានាក្នុងប្រទេសកម្ពុជា និងមានការឧបត្ថម្ភដោយមូលនិធិការងារអន្តរ ជាតិជប៉ុន។
លោក គង់ អាទិត្យ អគ្គលេខាធិការសហភាពការងារកម្ពុជាបាននិយាយថា សេចក្តីថ្លែង ការណ៍នេះគ្មានទេសារនយោបាយ និងគំនិតប្រឆាំងទៅកាន់រដ្ឋាភិបាលនោះទេ ប៉ុន្តែគឺធ្វើឲ្យរោងចក្រនិងកន្លែងការងារផ្សេងៗទៀតនៅក្នុងប្រទេសឲ្យគោរពសិទ្ធនិងអត្ថប្រយោជន៍ជូនដល់និយោជិតនៅគ្រប់វិស័យ។
នៅក្នុងសេចក្ដីថ្លែងការណ៍នោះបានលើកឡើងថា កម្មករ និយោជិតដែលមានកិច្ចសន្យាការងារថិរវេលាកំណត់ គឺប្រឈមទៅនិងភាពផុយស្រួយពីរការបញ្ឈប់ពីការងារ ការរឹតត្បិតសិទ្ធិសេរីភាព និងការបង្ខំឲ្យធ្វើការថែមម៉ោ។
សេចក្ដីថ្លែងការបន្តថា កម្មករក៏អាចត្រូវបានគេបំបិទសិទ្ធិទទួលបានយុត្តិធម៌ក្នុងវិស័យការងារ នឹងការបាត់បង់ សិទ្ធិជាច្រើនផ្សេងទៀត ដូចជាសិទ្ធិទទួលបានប្រាក់រង្វាន់អតីតភាពការងារ ការឈប់សម្រាកប្រចាំឆ្នាំដោយមានប្រាក់ឈ្នួល ប្រាក់លំហែមាតុភាព ការបញ្ឈប់ពីការងារដោយគ្មានប្រាក់ សំណងតាមអតីតភាពការងារនិង ការគម្រាមបង្ខំអោយធ្វើការហួសកម្លាំង។ល។
លោក សូ ស៊ីផាត ប្រធានសហជីពសណ្ឋាគារ កាំបូដ្យាណាបានឲ្យដឹងថា ក្នុងនាមលោកជា ប្រធានសហជីពលោកចង់អោយគ្រប់ស្ថាប័នពាក់ពន្ធ័ទាំងរដ្ឋាភិបាល នឹងថៅកែរោងចក្រ រួមគ្នាធ្វើយ៉ាងណាកុំឲ្យមានការំលោភទៅលើសិទ្ធិនិងអត្ថប្រយោជន៍ដែលកម្មករទទួល បានពីកិច្ចសន្យាការងារមានថេរវេលាកំណត់នេះ។
លោកបានបញ្ជាក់ថា “ថៅកែរោងចក្រភាគច្រើន ដល់កុងត្រា ការងារគេអោយកម្មករឈប់សម្រាកជាបណ្តោះអាសន្ន ពេលដែលត្រឡប់មកធ្វើការងារវិញ អ្នកនិងជាបុគ្គលិកថ្មី មានន័យថាបុគ្គលិកម្នាក់និងគាត់អត់បានទទួលប្រាក់បំណាច់ឆ្នាំទេ”៕