ប្រារព្ធពិធី ២០ឧសភា នៅមជ្ឈមណ្ឌលជើងឯក
សារព័ត៌មាន Cambodia News/
ភ្នំពេញ(២០ ឧសភា ២០១៤) ៖ មានរយៈពេលជាង៣០ឆ្នាំហើយ ដែលប្រជាពលរដ្ឋខ្មែរនៅតែចងចាំមិនអាចបំភ្លេចបាន នោះគឺរបប៣ឆ្នាំ ៨ខែ និង២០ថ្ងៃ (របបប៉ុលពត) ដែលបង្កវិនាសកម្មយ៉ាងសាហាវ ឃោឃៅ ព្រៃផ្សៃ ធ្វើឱ្យប្រជាពលរដ្ឋខ្មែរនិរាសព្រាត់ប្រាស់បែកបាក់ក្រុមគ្រួសារ ឪពុកម្តាយព្រាត់កូន ប្រពន្ធព្រាត់ប្តី បងព្រាត់ប្អូន រហូតមកដល់សព្វថ្ងៃនេះ ។
ទោះបីជាមានរយៈពេលជាង៣០ឆ្នាំក្តី តែបើយើងនឹកគិតហើយគ្រាន់តែបិទភ្នែកស្រមៃបន្តិចនោះ យើងនឹកឃើញភ្លាមហាក់នៅនឹងភ្នែកស្រស់ៗនូវភាពឈឺចាប់ទាំងនោះ គឺនៅតែដិតជាប់ក្នុងបេះដូងខ្មែរតែម្តង ដែលមិនអាចបំភ្លេចបានឡើយ ។
ជាក់ស្តែងនៅថ្ងៃទី២០ ឧសភា ២០១៤ នេះ ប្រជាពលរដ្ឋរាជធានីភ្នំពេញ ដោយមានការរៀបចំពីសាលារាជធានីភ្នំពេញ បានធ្វើពិធីរំលឹកវិញ្ញាណក្ខន្ធអ្នកដែលបានបាត់បង់ជីវិតនៅក្នុងរបប ប្រល័យពូជសាសន៍ នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ៕