ផ្សងប្រផ្នូល ក្នុងព្រះរាជពិធី ច្រត់ព្រះនង្គ័ល ឆ្នាំនេះ ពោត សណ្តែក និងស្រូវ ទទួលផលបង្គួរ
សារព័ត៌មាន Cambodia News/
កណ្តាល (១៧ ខែឧសភា ២០១៤) ៖ ព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅឆ្នាំនេះ បានប្រារព្ធធ្វើឡើង នៅទីលានបាល់ទាត់ ក្រុងតាខ្មៅ ទីរួមខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧ ខែឧសភា នេះ ព្រះមហាក្សត្រ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានចូលរួម រួមទាំងជាមួយមន្ត្រីជាន់ខ្ពស់របស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ព្រមទាំងបណ្តាអង្គទូត ជាច្រើនទៀត។
ក្នុងពិធីផ្សងប្រផ្នូល តាមរយៈគោឧសភរាជ នៅក្នុងព្រះរាជពិធី ច្រត់ព្រះនង្គ័ល នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៤ នៅឆ្នាំនេះ ក្រោយពី ក្រុមអ្នករៀបចំពិធី បានដឹកគោឧសភរាជ ( គោបារបស់ព្រះមហាក្សត្រ ) ចំនួន ២ ក្បាល ដើម្បីឲ្យបរិភោគវត្ថុ ៧ យ៉ាង រួមមាន៖ ស្រូវ ពោត សណ្តែក ល្ង ស្មៅ ទឹក និងស្រា រូចមក បានបង្ហាញថា ពោត សណ្តែក និងស្រូវ នឹងទទួលបានទិន្នផលបង្គួរ។
គួររំលឹកថាព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបានព្រះមហាក្សត្រ ដឹកនាំប្រារព្ធ ជារៀងរាល់ឆ្នាំ នាថ្ងៃ៤ រោច ខែពិសាខ។ ព្រះរាជពិធីនេះ ជាពិធីមង្គលមួយ ដែលគេចាត់ទុកថា ជាការចាប់ផ្តើមប្រសិទ្ធពរ ឲ្យដល់ប្រជាកសិករ ក្នុងការចាប់ផ្តើមធ្វើស្រែចម្ការ នៅរដូវវស្សា ឲ្យទទួលបានទិន្នផលខ្ពស់។
បន្ទាប់ពីស្តេចមាឃ និងព្រះមេហួរ ដឹកនាំភ្ជួររាស់ និងសាបព្រោះស្រូវ ពោត សណ្តែក ល្ង ជានិមិត្តរូប ចំនួន ៣ ជុំ នៅវាលព្រះស្រែ គឺក្រុមអ្នករៀបចំពិធី ត្រូវដឹកគោឧសភរាជ ( គោបារបស់ព្រះមហាក្សត្រ ) ចំនួន ២ ក្បាល ដើម្បីឲ្យបរិភោគវត្ថុ ៧ យ៉ាង រួមមាន៖ ស្រូវ ពោត សណ្តែក ល្ង ស្មៅ ទឹក និងស្រា៕