ប្រែសម្រួលដោយ ៖ សារព័ត៌មានយុវវ័យថ្មី/Cambodia News /
ថៃ (០៨ ឧសភា ២០១៤ )៖ គណៈរដ្ឋមន្រ្តីអាណាព្យាបាលរបស់ប្រទេសថៃបានតែងតាំង លោក Niwatthamrong Boonsongpaisan ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម ជានាយករដ្ឋមន្ដ្រីស្ដីទី ជំនួសលោកស្រី យីងឡាក់ បន្ទាប់តុលាការធម្មនុញ្ញថៃ បានដកចេញលោកស្រីយីងឡាក់ស៊ីណាវ៉ាត្រា ពីតំណែងនាយករដ្ឋមន្រ្តី។
លោកស្រី យីង ឡាក់ និងសមាជិកគណៈរដ្ឋមន្រ្តីប្រាំបួនត្រូវបានបង្ខំចេញពីអំណាចកាលពីថ្ងៃពុធ ទី០៧ ខែឧសភា ដោយតុលាការធម្មនុញ្ញថៃមួយនេះ បានរកឃើញកំហុសរបស់លោកស្រី យីងឡាក់ ដែលបានរំលោភបំពានអំណាច។
ក្នុងរយៈពេលខ្លីបន្ទាប់ពីសេចក្តីសម្រេចនេះគណៈរដ្ឋមន្រ្តីដែលនៅសល់របស់លោក ស្រី យីងឡាក់ បានប្រកាសថា លោក Niwatthamrong Boonsongpaisan ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម នឹងក្លាយជាមេដឹកនាំបណ្តោះអាសន្នរបស់ប្រទេសថៃ។
គួបញ្ជាក់ថា ការដក តំណែង លោក យីងឡាក់ ពីនាយករដ្ឋមន្រ្តី បន្ទាប់ពីតុលាការធម្មនុញ្ញថៃ បានបើកសវនាការជំនុំជម្រះ រឿងក្តី លោកស្រី យីងឡាក់ តាមពាក្យបណ្តឹងរបស់លោក ផៃប៊ូន និតីតាវ៉ាន់ សមាជិកព្រឹទ្ធសភា ហើយដោយរកឃើញថា លោកស្រី យីងឡាក់បានប្រើអំណាចខុសច្បាប់ធម្មនុញ្ញ ដោយបានផ្ទេរតំណែងប្រធានក្រុមប្រឹក្សាសន្តិសុខជាតិថៃ ដោយមិនឆ្លងកាត់ការយល់ស្របពីព្រឹទ្ធសភា៕ (ប្រភព www.thehindu.com)