ប្រើទឹកថ្នាំខ្ពុរមាត់ច្រើនជាង៣ដងក្នុងមួយថ្ងៃអាចកើតមហារីក
សារព័ត៌មាន Cambodia News/
សុខភាព (១០ មេសា ២០១៤) ៖ អ្នកជំនាញម្នាក់បានអះអាងថា ការប្រើប្រាស់ទឹកថ្នាំខ្ពុរមាត់ច្រើនធ្វើឱ្យប្រឈមហានិភ័យខ្ពស់នៃ ការកើតជំងឺ មហារីកមាត់នេះបើយោង តាមគេហទំព័រម៉េលអនឡាញ ។ការសិក្សាស្រាវជ្រាវបង្ហាញថា អ្នកដែលប្រើប្រាស់ផលិតផលបែបនេះ ច្រើនជាង៣ដងក្នុងមួយថ្ងៃ មានឱកាសច្រើនក្នុងការកើតជំងឺ មហារីកមាត់ និង បំពង់ក ។
ដូច្នេះ អ្នកមិនគួរប្រើប្រាស់ទឹកថ្នាំ ខ្ពុរមាត់ជាប្រចាំទេ ហើយគួរតែឧស្សាហ៍ដុសធ្មេញជំនួសវិញ ទើបជាការល្អ។ សុខភាពមាត់ធ្មេញខ្សោយក៏មានតួនាទី រួមចំណែកបង្កហានិភ័យមហារីកនេះដែរ។ ការសិក្សាស្រាវជ្រាវ នេះគាំទ្រ ការសិក្សាស្រាវជ្រាវមួយរបស់អូស្ដ្រាលី ធ្វើឡើងកាលពីឆ្នាំ២០០៩ ដែលបានលើកឡើងថា មានភស្ដុតាងគ្រប់គ្រាន់ បង្ហាញថា ទឹកថ្នាំខ្ពុរ មាត់ដែលមានផ្ទុកជាតិអាល់កុល រួមចំណែកធ្វើឱ្យហានិភ័យនៃការកើតជំងឺនេះកើនឡើង ពីព្រោះវាធ្វើឱ្យសារធាតុបង្កមហារីកចូលទៅក្នុងស្រទាប់ ក្រអូមមាត់កាន់តែងាយស្រួល។
នៅក្នុងការសិក្សាស្រាវជ្រាវ ចុងក្រោយបំផុតដែលចុះផ្សាយក្នុងព្រឹត្ដិបត្រ Oral Oncology ក្រុមអ្នកសិក្សាស្រាវជ្រាវមកពីសកល វិទ្យាល័យ University of Glasgow Dental School និងសហសេវិកអឺរ៉ុប បានធ្វើការវាយតម្លៃលើអ្នកជំងឺមហារីក១.៩៦២នាក់ និងអ្នកមាន សុខភាពល្អ១.៩៩៣នាក់ នៅតាមមណ្ឌលចំនួន១៣ក្នុងប្រទេសចំនួនប្រាំបួន។ ពួកគេបានរកឃើញថា អ្នកដែលមានសុខភាពមាត់ធ្មេញខ្សោយ ប្រឈមហានិភ័យខ្ពស់ជាងអ្នកធម្មតា ៕