ចិនបញ្ជូននាវា៩គ្រឿងបន្ថែមដើម្បីស្វែងរកយន្ដហោះម៉ាឡេស៊ី
សារព័ត៌មាន Cambodia News/
ចិន(២០ មិនា ២០១៤)៖ បន្ទាប់ពីយន្តហោះម៉ាឡេស៊ី បានបាត់អស់រយៈពេលប្រមាណជា១១ថ្ងៃកន្លងមក នៅថ្ងៃទី១៩ខែមីនានេះ ចិនបានបញ្ជូននាវារបស់ខ្លួន៩គ្រឿងទៀតហើយ ក្នុងការចុះប្រតិបត្ដការស្វែងរកយន្ដហោះប៊ូអ៊ីង៧៧៧។
ការ បញ្ជូននាវា៩គ្រឿងជាថ្មីគឺធ្វើដំណើរទៅទិសដៅផ្សេង គ្នាពីលើកមុនដោយលើកនេះ ឆ្ពោះទៅកាន់ដែនទឹកភាគខាងកើតនៃឈូងសមុទ្រ Bengal និងភាគខាងលិចនៃប្រទេសឥណ្ឌូនេស៊ី។ សូមបញ្ជាក់ថា ការបញ្ជូននាវាចំនួន៩គ្រឿងបន្ថែមទៅតំបន់ខាងលើ ធ្វើឡើងបន្ទាប់ពីថៃបានប្រកាសថាប្រព័ន្ធរ៉ាដារបស់គេ ចាប់បានព័ត៌មានរបស់យន្ដហោះប៊ូអ៊ីង៧៧៧ មុនពេលវាបាត់ពីប្រព័ន្ធទំនាក់ទំនង។
ជាមួយគ្នា នឹងការបាត់យន្ដហោះនេះ អាជ្ញាធរម៉ាឡេស៊ី បានឱ្យដឹងថាយន្ដហោះ ដែលចេញដំណើរពីទីក្រុងកូឡាឡាំពួ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ត្រូវបានគេបង្វែរទិសនិងអាចហោះហើរនៅលើធ្នូមួយស្ថិតនៅ ភាគខាងជើង និងភាគខាងត្បូង។
ចំណែកឯទីតាំងចុងក្រោយដែល បានស្គាល់ គឺនៅក្នុងច្រកសមុទ្រ ម៉ាឡាកា។ ក្រោយមកអាជ្ញាធរ ក៏បញ្ជូនក្រុមអ្នករុករកចុះទៅប្រតិបត្ដិការនៅតំបន់នោះដែរ ប៉ុន្ដែនៅតែគ្មានដំណឹង។ បច្ចុប្បន្ននេះ មានប្រទេសចំនួន២៦ហើយ បានចូលរួមក្នុងយុទ្ធនាការស្វែងរកយន្ដហោះប៊ូអ៊ីង៧៧៧ដែលបាត់ ខ្លួន៕