ចិន រកឃើញបំណែកមួយចំនួន សង្ស័យថា ជាបំណែកយន្តហោះម៉ាឡេស៊ី
សារព័ត៌មាន Cambodia News/
ចិន(១៣ មិនា ២០១៤)៖ ប្រទេសចិន បង្ហាញរូបភាពមួយចំនួន ដែលត្រូវបានផ្កាយរណបចាប់បាន ដោយសង្ស័យថាជាបំណែកយន្តហោះម៉ាឡេស៊ី ដែលបានបាត់កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន។
រូបភាពចំនួនបី ដែលអាចជាបំណែកយន្តហោះអណ្តែតនៅក្នុងសមុទ្រចិនខាងត្បូង ត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់រដ្ឋាភិបាលចិន។រូបភាពទាំងនោះ ត្រូវបានថតទាំងពីថ្ងៃអាទិត្យ មួយថ្ងៃបន្ទាប់ពីយន្តហោះ បាត់ តែទើបតែត្រូវបានផ្សព្វផ្សាយនៅថ្ងៃពុធម្សិលមិញ។
សារព័ត៌មានBBCចុះផ្សាយថា បំណែកដែលរកឃើញនោះ ស្ថិតនៅសមុទ្រចិនខាងត្បូង ភាគខាងកើតប្រទេសម៉ាឡេស៊ី និងរហូតដល់ភាគខាងត្បូងប្រទេសវៀតណាម។បំណែកធំជាងគេ ដែលត្រូវបានរកឃើញនោះ មានទំហំទៅដល់២៤X២២ម៉ែត្រ។
កន្លងទៅ យន្តហោះជួយសង្គ្រោះរបស់វៀតណាម បានរកឃើញបំណែកមួយចំនួន ដែលសង្ស័យថាជាកម្ទេចរបស់យន្តហោះរបស់ម៉ាឡេស៊ី តែបន្ទាប់មកបញ្ជាក់ថា វាមិនមែនជាបំណែកយន្តហោះទេ៕