CPP និង CNRP ឯកភាពគ្នាបង្កើតគណៈកម្មការចម្រុះ
សារព័ត៌មាន Cambodia News/
ភ្នំពេញ(១៩ កុម្ភៈ ២០១៤) ៖ នៅក្នុងជំនួបរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ រយៈពេលពីរម៉ោងកន្លះ ចាប់ពីម៉ោង ៩ កាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ នៅវិមានព្រឹទ្ធសភា គឺទទួលបានលទ្ធផល ដោយឈានទៅព្រមព្រៀងបង្កើតគណៈកម្មការចម្រុះរួមមួយ ដើម្បីរៀបចំក្របខណ្ឌកំណែទម្រង់ការបោះឆ្នោត នាពេលខាងមុខ។
សមាសភាព ក្រុមការងារ គណបក្សប្រជាជនកម្ពុជា ដែលបានចរចាជាមួយគណបក្សសង្គ្រោះជាតិ រួមមានៈ លោក ព្រុំ សុខា លោក សក់ សេដ្ឋា និងលោក កើត រិទ្ធ។ ចំណែកសមាសភាពក្រុមការងារ គណបក្សសង្គ្រោះជាតិ ដែលត្រូវចូលតុចរចា ជាមួយគណបក្សប្រជាជនកម្ពុជា មានដូចជាៈ លោក សុន ឆ័យ លោក យ៉ែម បុញ្ញឫទ្ធិ និងលោក គួយ ប៊ុនរឿន។
ក្រុមការងារ នៃគណបក្សទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានព្រមព្រៀងគ្នា លើ ៣ ចំណុច ដែលក្នុងនោះ រួមមានការបង្កើតគណៈកម្មការចម្រុះមួយ ដោយមានសមាសភាពស្មើគ្នា មកពីគណបក្ស ដែលមានអាសនៈក្នុងរដ្ឋសភា ដើម្បីសិក្សា និងរៀបចំក្របខណ្ឌកំណែទម្រង់ការបោះឆ្នោត នាពេលខាងមុខ៕