អត្រា​ជន​គ្មានការងារ​ធ្វើ​ក្នុង​ប្រទេស​ចាយលុយ​អឺរ៉ូ​ ក្នុងខែ​វិច្ឆិកា​ ឆ្នាំ២០១៣​ នៅឋេរ​មិនប្រែប្រួល​ ១២,១%​

នៅថ្ងៃ​ពុធ​នេះ យោងតាម​ការិយាល័យ​ស្ថិតិ​អឺរ៉ុប ឈ្មោះថា អឺរ៉ូស្តាត ​​អត្រាជនគ្មានការងារ​ធ្វើ​ក្នុង​តំបន់​ប្រទេស​ចាយលុយ​អឺរ៉ូ ក្នុង​ខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងមក មាន​លំនឹង​​ថេរ ពោលគឺ​មិនបានប្រែប្រួល​អ្វីឡើយ គិត​ជាង៨ខែ​មកនេះ។ គិត​ជា​ភាគរយ អ្នកគ្មានការងារធ្វើ មាន​១២,១ភាគរយ ដូច​ភាគរយ​ខែតុលា​ដែរ។

ការិយាល័យ ​ស្ថិតិ​អឺរ៉ូស្តាត នៅ​អឺរ៉ុប​ បាន​ប្រកាស​នៅថ្ងៃ​ពុធ​នេះថា​ ប្រៀប​នឹង​ខែ​តុលា ឆ្នាំ២០១៣​កន្លងទៅ ក្នុងខែវិច្ឆិកា​​ឆ្នាំ២០១៣ ចំនួន​អ្នកគ្មានការងារ​ ដែល​បាន​មកដាក់ពាក្យ​រកការងារធ្វើ ក្នុង​តំបន់​ប្រទេស​ចាយប្រាក់​អឺរ៉ូ មានត្រឹមតែ​ ៤០០០នាក់​ប៉ុណ្ណោះ។ ​​គិតជា​ភាគរយ គឺ​មាន​១២,១ ភាគរយ ដូច​ខែតុលា​ដែរ។

បើ ​គិត​ចាប់ពីខែ​មេសា ឆ្នាំ២០១៣មក តួលេខ​នេះ នៅឋេរ គ្មាន​អ្វីប្រែប្រួលអ្វី​​នោះទេ។ ទោះយ៉ាងនេះ​ក្តី ក្នុង​ខែវិច្ឆិកា​កន្លងទៅ អ្នកគ្មានការងារធ្វើ​សរុប​ក្នុង​តំបន់​អឺរ៉ូ​ មាន​១៩លាន ២សែន​៤ម៉ឺន​១ពាន់នាក់ ពោលគឺ​មាន​៤សែន៥ម៉ឺន២ពាន់នាក់ បន្ថែម​ទៀត ប្រៀប​នឹង​ខែវិច្ឆិកា ឆ្នាំ២០១២។ នៅអេស្ប៉ាញ អត្រាភាគរយ​មាន​​២៦,៧ភាគរយ ក្នុង​ខែវិច្ឆិកា ឆ្នាំ២០១៣។ ​នៅ​ក្រិក​​ អត្រាជនគ្មាន​ការងារធ្វើ មាន​២៧,៤ភាគរយ។ នេះ​តួលេខ​ចុងក្រោយ​ទទួលបាន​ក្នុង​ខែ​កញ្ញា។

ប្រទេស​ដែល​តួលេខការងារ​ល្អ​នោះ ​មាន​អូទ្រីស អាល្លឺម៉ង់ និង​លុចសំបួរ។ អត្រា​ជនគ្មានការងារធ្វើ​នៅអូទ្រីស​ មាន​ត្រឹម​៤,៨ភាគរយ​ប៉ុណ្ណោះ ​ហើយ​នៅ​អាល្លឺម៉ង់​មាន​៥,២ភាគរយ នៅ​លុចសំបួរ ​៦,១ភាគរយ។ គិត​ក្នុង​ប្រទេស​ទាំង២៨​នៃ​សហភាព​អឺរ៉ុប​វិញ ក្នុង​ខែ​វិច្ឆិកា​នេះ អ្នកគ្មានការងារ​ធ្វើ​​មាន​២៦លាន៥សែន៥ម៉ឺន៣ពាន់នាក់ ត្រូវ​នឹង​១០,៩ភាគរយ។ ជាភាគរយ​ដែល​មិនប្រែប្រួល​ បើគិត​ត្រឹមខែ​ឧសភា​ ឆ្នាំ២០១៣មក។
ដោយឡែក​ យុវជន​អឺរ៉ុប​នៅតែ​រង​គ្រោះ ដោយ​សារ​តែ​គ្មានការងារធ្វើ។

យោងតាម​អ្នកវិភាគ​ ​អត្រា​ជនគ្មានការងារ​ធ្វើ​ ​នៅបណ្តា​ប្រទេស​ចាយលុយ​អឺរ៉ូ ​ដែល​​មិនបាន​ប្រែប្រួល​​ ​ជាង៨ខែ​មកនេះ ​ស​បង្ហាញ​ថា​ ទីផ្សារការងារ​​ចាប់​មាន​លំនឹង​ឡើងវិញ ហើយ​​ប្រធាន​សហគ្រាស​ជាច្រើន​រូប ​បាន​ផ្តល់ទំនុកចិត្ត​ដល់​សកម្មភាព​​រកស៊ី​របស់ខ្លួន។ ​លំនឹង​​ភាគរយ​ជនគ្មានការងារ​ធ្វើនេះ ក៏សបង្ហាញ​ពី​​អត្រាកំណើន​ដែល​ចាប់​​កើន​ប្រសើរឡើងវិញ​បន្តិចដែរ៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close