អ្នកកាសែត៣រូបរបស់ទូរទស្សន៍ Al Jazeera ត្រូវអាជ្ញាធរអេហ្ស៊ីបចាប់ឃុំខ្លួន
អ្នក កាសែត៣រូបរបស់ទូរទស្សន៍ Al Jazeera ត្រូវបានអាជ្ញាធរអេហ្ស៊ីបចាប់ឃុំខ្លួន កាលពីយប់ថ្ងៃអាទិត្យម្សិលមិញ។ ក្រសួងមហាផ្ទៃអេហ្ស៊ីបបានឲ្យដឹងថា អ្នកកាសែតទាំង៣រូបនេះត្រូវបានចាប់ខ្លួន ក្រោយពីពួកគេបានធ្វើការផ្សាយបន្តផ្ទាល់ពីទីកន្លែងប្រជុំរបស់ ក្រុមភាតរអ៊ីស្លាម ដែលអាជ្ញាធរអេហ្ស៊ីបទើបនឹងបានចាត់បញ្ចូលជាក្រុមភេរវជន។
អ្នក កាសែតទាំង ៣រូប ដែលត្រូវបានអាជ្ញាធរអេហ្ស៊ីបចាប់ឃុំខ្លួន កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញនេះ បម្រើការឲ្យទូរទស្សន៍ Al Jazeera ជាភាសាអង់គ្លេស។
ក្រសួងមហាផ្ទៃអេហ្ស៊ីបបានចេញសេចក្តីថ្លែងការណ៍មួយបញ្ជាក់ថា អ្នកកាសែតទាំងនេះត្រូវបានចាប់ខ្លួន “ដោយសារ តែពួកគេបានធ្វើការផ្សាយបន្តផ្ទាល់នូវព័ត៌មាន ដែលប៉ះពាល់ដល់សន្តិសុខជាតិ និងបានផ្សាយពាក្យចចាមអារ៉ាម និងព័ត៌មានមិនពិត ទៅឲ្យទូរទស្សន៍ Al Jazeera ដោយគ្មានការអនុញ្ញាត”។
គួរបញ្ជាក់ថា ទូរទស្សន៍ Al Jazeera គឺជាបណ្តាញផ្សព្វផ្សាយព័ត៌មានអន្តរជាតិ ដែលមានមូលដ្ឋាន នៅក្នុងប្រទេសកាតារ ហើយកាតារ គឺជាប្រទេសដែលតែងតែបានជួយជ្រោមជ្រែងផ្នែកហិរញ្ញវត្ថុ ដល់ក្រុមភាតរអ៊ីស្លាម នៅអេហ្ស៊ីប។ ការិយាល័យរបស់ទូរទស្សន៍ Al Jazeera នៅក្នុងទីក្រុងគែរត្រូវបានអាជ្ញាធរអេហ្ស៊ីបបិទទ្វារលែងឲ្យ ដំណើរការ តាំងពីថ្ងៃទី៣ ខែកក្កដា នៅក្រោយពីកងទ័ពអេហ្ស៊ីបបានធ្វើរដ្ឋប្រហារទម្លាក់លោកប្រធានាធិបតី មហាម៉េដ ម៉រស៊ី ដែលមកពីក្រុមភាតរអ៊ីស្លាម ចេញពីអំណាច។
កាលពីសប្តាហ៍មុននេះ អាជ្ញាធរអេហ្ស៊ីបទើបនឹងបានចាត់បញ្ចូលក្រុមភាតរអ៊ីស្លាមជាក្រុម ភេរវជន ហើយមេដឹកនាំ ព្រមទាំងសមាជិករាប់ពាន់នាក់របស់ក្រុមនេះត្រូវបានអាជ្ញាធរអេហ្ស៊ីប ចាប់ឃុំខ្លួន។
កាលពីថ្ងៃអាទិត្យ លោកឆាក់ ហេហ្គ័ល (Chuck Hagel) រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកបានទូរស័ព្ទទៅកាន់មេទ័ពអេហ្ស៊ីប ដើម្បីសម្តែងនូវការព្រួយបារម្ភចំពោះការវិវឌ្ឍន៍ចុងក្រោយនៃ ស្ថានការណ៍នៅអេហ្ស៊ីប ហើយបានអំពាវនាវឲ្យអេហ្ស៊ីប “ធ្វើការថ្លឹងថ្លែងរកតុល្យភាព រវាងការរក្សាសន្តិសុខជាតិ និងការធានាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ”។
នៅថ្ងៃចន្ទនេះ គណៈកម្មាធិការការពារអ្នកសារព័ត៌មាន (ហៅកាត់ថា CPJ) ដែលមានទីស្នាក់ការនៅទីក្រុងញូវយ៉ក បានចាត់បញ្ចូលប្រទេសអេហ្ស៊ីប ទៅក្នុងចំណោមប្រទេស ៣ ដែលជាប្រទេសដ៏មានគ្រោះថ្នាក់បំផុត សម្រាប់អ្នកសារព័ត៌មាន។ ប្រទេសពីរទៀត គឺស៊ីរី និងអ៊ីរ៉ាក់៕ដោយ សេង ឌីណា (RFI)