លោកពូទីន​ប្រកាស​ផ្តល់​លុយ​១៥ពាន់លានដុល្លារ​ដើម្បី​ជួយស្រោចស្រង់​សេដ្ឋកិច្ច​អ៊ុយក្រែន

លោក​ប្រធានាធិបតី​អ៊ុយក្រែន យ៉ានូកូវិច ចេះសម្រេច បាន​ដូចបំណង​របស់​គាត់មែន នា​កិច្ច​ចរចា រសៀល​ថ្ងៃ​ទី ១៧ ធ្នូ នៅម៉ូស្គូ ជាមួយ សមភាគីរុស្ស៊ី គឺថា ម៉ូស្គូ​សុខចិត្ត​ផ្តល់​ការគាំទ្រ​ដល់​ថវិកា​អ៊ុយក្រែន ក្នុងទឹកប្រាក់ ១៥.០០០​លាន​ដុល្លារ​អាមេរិក និង​បញ្ចុះ​អស់​១/៣ ថ្លៃ​ឧស្ម័ន​ធម្មជាតិ ដែល​រុស្ស៊ី​លក់​ទៅ​ឲ្យ​អ៊ុយក្រែន។ ប៉ុន្តែ ពួកប្រឆាំង ដែលបន្ត​ធ្វើមិទ្ទិញ ក្នុង​រដ្ឋធានី​គៀវ សង្ស័យ​ថា កុសល​ពី​ខាង​រុស្ស៊ីនេះ អាច​ជាថ្នូរ​នឹង “កម្មសិទ្ធិ​ដែល​មានន័យ​យុទ្ធសាស្ត្រ” របស់​អ៊ុយក្រែន ស៊ុមគ្រលុំ​ដោយ​លោកយ៉ានូកូវិច។

ថ្លែង​ក្នុងសន្និសីទ​កាសែត នៅវិមាន​ក្រេមឡាំង បូកសរុប​តុល្យាការ​នៃ កិច្ច​ចរចា ថ្នាក់កំពូល​រុស្ស៊ី-អ៊ុយក្រែន លោក​ប្រធានាធិបតីរុស្ស៊ី ពូទីន បានប្រកាស​ឲ្យ​ដឹង​ថា ភាគី​រុស្ស៊ី សម្រេច​ថា ផ្តល់​ការគាំទ្រ ក្នុង​ទឹកប្រាក់ ១៥.០០០​លាន​ដុល្លារ​អាមេរិក ដល់​ថវិកា​អ៊ុយក្រែន ដែល កំពុង​ស្ថិត​ក្នុង​ស្ថានភាព​យ៉ាប់យ៉ឺន ហើយ​ផ្តល់​នេះ គឺ​តាមរយៈ ការទិញ​មូលប័ត្រ​បំណុល​របស់ រដ្ឋ​អ៊ុយក្រែន ដែលលក់ នៅទីផ្សារ​អឺរ៉រុប។
►សូមអាន៖ ពូទីន បុរស​ខ្លាំង​​រុស្ស៊ី ដែល​មិន​ភ្លេច​សោះ​ឡើយ​អតីត​សហភាព​សូវៀត

លោកពូទីន សង្កត់​ធ្ងន់​ថា ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​នេះ ឥត​ហែហម​ទៅដោយ ល័ក្ខខ័ណ្ឌអ្វី​ណា​សម្រាប់​អ៊ុយក្រែន បំពេញ​តាម ដូច​ដែល​ធម្មតា​ទាមទារ ឲ្យ​បំពេញ​តាម ដោយ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ FMI ឡើយ បែប​យ៉ាង​តម្រូវ ឲ្យ​កាត់បន្ថយ ប្រាក់ខែ ប្រាក់​សោធន​និវត្តន៍ និង ដំឡើង​ពន្ធ​ជាដើម។ មិនតែ​ប៉ុណ្ណោះ លោក​ពូទីន គូស​បញ្ជាក់​ថា នា​កិច្ចចរចា​នោះ ឥត​មាន​លើកយក​ទៅ​ពិភាក្សា​ឡើយ បញ្ហា​ភ្ជាប់​ប្រទេស​អ៊ុយក្រែន ទៅជា សមាជិក​នៃ”សហភាព​ខាង​លុប​ពន្ធគយ ទៅវិញ ទៅមក” ដែល​នាំមុខ​ដោយរុស្ស៊ី ហើយ​ដែល​ត្រូវ​ពួកប្រឆាំង នៅអ៊ុយក្រែន ជំទាស់​ដាច់​អហង្ការ។ គួរ​និយាយ​ថា ប្រាក់ ១៥.០០០លានដុល្លារនោះ គឺ​រំលែក​ចេញ​ពី “មូលនិធិ​សុខុមាលភាព​ជាតិ” របស់​រុស្ស៊ី ដែល​បច្ចុប្បន្ន​មាន​ទឹកប្រាក់ ៨៩.០០០លានដុល្លារ។

ចំណុច​មួយទៀត ជា​កុសល​ទទួល​បាន ដោយ​ភាគី​អ៊ុយក្រែន គឺរុស្ស៊ី សុខចិត្ត​បញ្ចុះ​អស់១/៣ ថ្លៃ ឧស្ម័ន​ធម្មជាតិ ដែល​រុស្ស៊ី​លក់​ទៅ​ឲ្យអ៊ុយក្រែន ពោល​គឺ បញ្ចុះ​ពី ៤១០ដុល្លារ ក្នុង​១.០០០មមក នៅត្រឹម ២៦៨,៥ ដុល្លារក្នុង១.០០០ម។ តាម​ការបូកគុណ​ឃើញ របស់​សេដ្ឋវិទូ ការបញ្ចុះ​ថ្លៃនេះ នឹង​ជួយ​អ៊ុយក្រែន​ឲ្យ​សំចៃ​បាន​ក្នុង ១ឆ្នាំ​ដំបូង គឺទឹកប្រាក់​ពី ៣​ទៅ ៥.០០០លាន​ដុល្លារ។
ទោះយ៉ាងណាក្តី ក៏មេ​ពួកប្រឆាំង នៅអ៊ុយក្រែន ដែល​ដាក់ទិស​ឲ្យ​ប្រទេស​ខ្លួន​ចូល​ទៅខាង ”សហភាព​អឺរ៉ុប” ហើយ​ដែល​នៅ​បន្ត​ធ្វើ​មិទ្ទិញ​រ៉ាំរ៉ៃ ក្នុង​រដ្ឋធានី​គៀវ លោក Vitaly Klichko គ្រាន់តែ ឮដំណឹង​ខាងលើ​ភ្លាម បាន​ថ្លែង​ទៅ​ពួក​អ្នកកាសែត​ថា អាច​មាន អាថ៌កំបាំង​អ្វីមួយ លាក់​នៅពីក្រោយ ការសម្រេចចិត្ត​របស់​ក្រុងម៉ូស្គូ​ពុំខាន គឺថា ម៉ូស្គូ​សំឡឹង ឃើញ ជាថ្នូរ សម្រាប់​ខ្លួន គឺ”ទ្រព្យសម្បត្តិ​ណា​របស់​អ៊ុយក្រែន​ដែលមាន​ន័យ​យុទ្ធសាស្ត្រ” បែបយ៉ាង បណ្តាញ​នៃ​បំពង់​បង្ហូរ​ឧស្ម័ន ដ៏រវាម នៅលើ​ដែនដី​អ៊ុយក្រែន រោងចក្រ​ផលិត យន្តហោះ  រោងចក្រ​​ស្លដែកថែប នៅអ៊ុយក្រែន ជាដើម៕ដោយ កែវ ឆាយា (RFI)

Related Articles

Back to top button
Close
Close