អាជ្ញាធរ​បារាំង​ឃាត់ខ្លួន​អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ Claude Guéant​ ក្នុង​រឿង​រង្វាន់​ជា​ប្រាក់សុទ្ធ​

នៅប្រទេស ​បារាំង ថ្ងៃ​អង្គារ​នេះ លោក Claude Guéant ក្លូដ ហ្កេអង់ ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បារាំង​​​ និង​លោក មីស្ហែល​ ហ្កូដាំង Michel Gaudin អតីត​ប្រធាន​ប៉ូលិស​ជាតិ ត្រូវ​បាន​អាជ្ញាធរ​ឃាត់ខ្លួន ដើម្បី​អោយ​ពួកគេ​បំភ្លឺ​ពី​ករណី​រង្វាន់​ជាប្រាក់សុទ្ធ​​ ជា​ការ​បំភ្លឺ​ក្នុងក្របខណ្ឌ​នៃ​ការស៊ើបអង្កេត​​​ទាក់ទង​ការ​បន្លំ​ថវិកា​ រដ្ឋ។ មន្ត្រី​ជាន់ខ្ពស់​បារាំង​ទាំងពីរ​រូប​នេះ សុទ្ធ​តែ​ជា​អ្នកជិតដិត​នឹង​អតីត​ប្រធានាធិបតី​បារាំង នីកូឡា សាកូហ្ស៊ី។ នេះ​ជា​លើកទី១​ហើយនៅ​ប្រទេស​​បារាំង​ ដែល​​មេដឹកនាំ​​​ឋានៈ​ជាន់ខ្ពស់​​ប៉ូលិស​​ ត្រូវ​បាន​​អាជ្ញាធរ​ចោទសួរបែបនេះ។ ​​

យោងតាម ​វិទ្យុ​អឺរ៉ុប១ របស់​បារាំង​ នៅ​ថ្ងៃ​អង្គារ​នេះ លោក ក្លូដ ហ្កេអង់ អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បារាំង ក្រោម​អាណត្តិ​​ប្រធានាធិបតី​សាកូហ្ស៊ី​ ត្រូវ​បាន​​អធិការដ្ឋាន​​កណ្តាល​នៃ​ប៉ូលិស​យុត្តិធម៌​បារាំង​កោះហៅ​អោយ​​ បំភ្លឺ​បញ្ហា​ ក្នុង​ក្របខណ្ឌ​​នៃ​ការ​ស៊ើបអង្កេត​បឋម​​ទាក់ទង​នឹង​ការ​បន្លំ​ថវិកា​រដ្ឋ។

ក្រុមអ្នកស៊ើបអង្កេត ​នៃ​​ការិយាល័យ​កណ្តាល​​ប្រឆាំង​អំពើពុករលួយ​ និង​ការបន្លំ​ហិរញ្ញវត្ថុ​និងពន្ធដារ ចង់អោយ​លោក ក្លូដ ហ្កេអង់ ​​បំភ្លឺ​ពី​សំណុំរឿង​ប្រាក់រង្វាន់​ជាលុយសុទ្ធ​។ ហេតុការណ៍​នេះ​បានកើតឡើង ចន្លោះឆ្នាំ២០០២ និង២០០៤ តាំងពី​ពេល​ដែល​​​អតីត​ប្រធានាធិបតី​នីកូឡា សាកូហ្ស៊ី ធ្វើជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ម្ល៉េះ។ កាលណោះ​ លោក ក្លូដ ហ្កេអង់ ជា​ប្រធាន​ខទ្ទកាល័យ​របស់​លោក​សាកូហ្ស៊ី។

អធិការ​ដ្ឋាន​ទូទៅ​នៃ​រដ្ឋបាល​ និង​អធិការដ្ឋាន​ប៉ូលិស​ជាតិ​បារាំង​បាន​​​​សន្និដ្ឋាន​​ កាលពី​ខែ​មិថុនា ថា ប្រាក់សុទ្ធ​​​ប្រមាណ​ជា​១ម៉ឺនអឺរ៉ូ ក្នុង​មួយខែ បាន​មកពី​ប្រាក់​សំរាប់​ការ​ស៊ើបអង្កេត និង​ការ​ត្រួតពិនិត្យ​​របស់​ប៉ូលិស ត្រូវ​បាន​គេ​ប្រគល់​ទៅអោយ​លោក ក្លូដ ហ្កេអង់ ជា​ប្រធាន​ខទ្ទកាល័យ​របស់​អតីត​រដ្ឋមន្ត្រី​មហាផ្ទៃ​សាកូហ្ស៊ី ក្នុង​ចន្លោះ​​​ខែ​ឧសភា​ឆ្នាំ២០០២ ដល់​រដូវក្តៅ​ឆ្នាំ២០០៤។ ​ប្រាក់រង្វាន់​នោះ​មិនត្រូវ​បាន​​បង្ហាញ​អោយ​ខាង​ពន្ធដារ​បាន​ដឹងឡើយ។ ក្រុម​អ្នកស៊ើបអង្កេត​បាន​រកឃើញ​វិក័យបត្រ​​បញ្ជាក់​ពី​ប្រាក់សុទ្ធ​​នេះ នៅ​ពេល​ដែល​​ពួកគេ​បានចូល​ទៅ​ឆែកឆេរ​ផ្ទះ​លោក ក្លូដ ហ្កេអង់ សំរាប់​ការ​​​​​ស៊ើប​អង្កេត​​​មួយផ្សេង​ទៀត ទាក់ទង​នឹង​​​​​​ការ​​ដែល​ថា​ប្រទេស​លីប៊ី អាច​​​ផ្តល់​ប្រាក់ឧបត្ថម្ភ​ដល់​ការឃោសនា​បោះឆ្នោត​របស់​អតីតប្រធានាធិបតី​ សាកូហ្ស៊ី ក្នុង​ឆ្នាំ២០០៧។

លោក ក្លូដ​ ហ្កេអង់​បាន​​ឆ្លើយ​​​ថា ​ប្រាក់​សុទ្ធ​នេះ​ជាប្រាក់រង្វាន់​សំរាប់​ខទ្ទកាល័យរបស់​លោក​​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ លោក​ក្លូដ​ ហ្កេអង់ ភ្លេច​គិត​ថា រដ្ឋាភិបាល​បារាំង​បាន​លុបចោល​ប្រាក់រង្វាន់​​ប្រភេទ​នេះ​ តាំង​ពី​ថ្ងៃ​១ មករា​ឆ្នាំ​២០០២ ម្ល៉េះ ពោលគឺ​មុន​ពេល​មានហេតុការណ៍​​នេះកើតឡើង។

ដោយឡែ​ក ចំពោះ​ការឃាត់ខ្លួន​លោក​ មីស្ហែល​ ហ្កូដាំង អតីត​ប្រធាន​ប៉ូលិស​ជាតិ គឺ​ដោយសារ​​តែ​​លោក ហ្កូដាំងនេះ​ ធ្លាប់​ទទួលបន្ទុក​គ្រប់គ្រង​មូលនិធី​ស៊ើបអង្កេត​​​​ ក្នុង​នាម​ជា​ប្រធាន​​ប៉ូលិស​ជាតិ។ ប៉ូលិស​ចង់ដឹង​ថា តើ​មូលនិធិ​នេះ​ត្រូវ​បាន​លោក ហ្កូដាំង​បន្លំ​ដែរ​រឺក៏យ៉ាងណា៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close