មន្រ្តីទូតជប៉ុនរងការវាយប្រហារនៅក្នុងប្រទេសយេម៉ែន
មន្រ្តី ទូតជាន់ខ្ពស់របស់ជប៉ុនម្នាក់ ត្រូវជនមិនស្គាល់មុខមួយក្រុមវាយប្រហារបណ្តាលឲ្យរងរបួសធ្ងន់ កាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមការអះអាងរបស់មន្រ្តីអ្នកនាំពាក្យស្ថានទូតជប៉ុន ប្រចាំរដ្ឋធានីសាណា (Sanaa)។ នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ គេសង្កេតឃើញមានការវាយប្រហារលើជនបរទេសបានកើតមានឡើងយ៉ាងច្រើន គួរឲ្យកត់សម្គាល់ នៅក្នុងប្រទេសយេម៉ែន ដែលក្រុមភេរវជនអាលកៃដា កំពុងតែមានសកម្មភាពខ្លាំង។
មន្រ្តី ទូតជប៉ុន ដែលទទួលរងនូវការវាយប្រហារ កាលពីព្រឹកថ្ងៃអាទិត្យ គឺជាកុងស៊ុល និងជាលេខាទី២ នៃស្ថានទូតជប៉ុនប្រចាំរដ្ឋធានីសាណា។ ហេតុការណ៍បានកើតឡើង នៅពេលដែលលោកកំពុងធ្វើដំណើរតាមរថយន្តតែម្នាក់ឯង ដោយគ្មានកងការពារ។ អ្នកនាំពាក្យស្ថានទូតជប៉ុនបានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថា កុងស៊ុលរូបនេះត្រូវជនមិនស្គាល់មុខមួយក្រុមចាក់ ៥កាំបិត បណ្តាលឲ្យរបួសធ្ងន់ ប៉ុន្តែ មិនបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិតនោះទេ។
រហូតមកទល់នឹងពេលនេះ គេនៅមិនទាន់អាចដឹងច្បាស់នៅឡើយទេ អំពីដើមហេតុ និងគោលដៅ នៃការវាយប្រហារនេះ។ ក៏ប៉ុន្តែ គេសង្កេតឃើញថា នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ការចាប់ជំរិត ការប៉ុនប៉ងចាប់ជំរិត ឬការវាយប្រហារទៅលើជនបរទេសបានកើតមានឡើងយ៉ាងញឹកញាប់ នៅក្នុងប្រទេសយេម៉ែន ហើយជនបរទេសដែលត្រូវទទួលរងការវាយប្រហារ ភាគច្រើន គឺជាមន្រ្តីទូត ឬជំនាញការបរទេស ដែលធ្វើការឲ្យរដ្ឋាភិបាលយេម៉ែន។
កាលពីចុងខែវិច្ឆិកា ជនជាតិបេឡារុសពីរនាក់ ដែលបម្រើការជាទីប្រឹក្សាឲ្យកងទ័ពយេម៉ែន ត្រូវជនមិនស្គាល់មុខបាញ់ប្រហារ បណ្តាលឲ្យម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស នៅពេលដែលពួកគេចេញពីសណ្ឋាគារ។ កាលពីដើមខែតុលា ឆ្មាំស្ថានទូតអាល្លឺម៉ង់ម្នាក់ក៏ត្រូវបានជនមិនស្គាល់មុខ បាញ់សម្លាប់ដែរ នៅក្នុងការប៉ុនប៉ងចាប់ជំរិតមិនបានសម្រេច។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ យេម៉ែន គឺជាប្រទេសដែលក្រុមភេរវជនអាល់កៃដាកំពុងតែធ្វើសកម្មភាពខ្លាំង ហើយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកអាមេរិក ទៅលើទីតាំងភេរវជនក្នុងប្រទេសនេះ ក៏តែងតែកើតមានជាញឹកញាប់ដែរ។
កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុននេះ អ.ស.ប បានសម្រេចបិទការិយាល័យរបស់ខ្លួន នៅក្នុងប្រទេសយេម៉ែន ដោយសារតែមានការបារម្ភ អំពីការវាយប្រហារភេរវកម្ម។ សាលារៀនអាមេរិកាំង និងតួកគីក៏ត្រូវបានបិទទ្វារលែងដំណើរការដែរ ក៏ប៉ុន្តែ បណ្តាស្ថានទូតប្រទេសលោកខាងលិច នៅតែបើកទ្វារធ្វើការជាធម្មតា។
គេនៅចាំបានថា កាលពីខែសីហាកន្លងទៅ គឺការគំរាមកំហែងភេរវកម្ម ដែលមានប្រភពចេញពីប្រទេសយេម៉ែននេះហើយ ដែលនាំឲ្យសហរដ្ឋអាមេរិកបិទទ្វារស្ថានទូត នៅតាមបណ្តាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា៕ដោយ សេង ឌីណា (RFI)