លោក ហ៊ុន ម៉ានី៖ យុវជនត្រូវជៀសឲ្យឆ្ងាយពីអំពើអបាយមុខ និងខិតខំរៀនសូត្រ
នៅព្រឹកថ្ងៃទី៣ កក្កដា ២០១២ លោក ហ៊ុន ម៉ានី ទៅកាន់ក្រុមយុវជនរបស់អង្គការជំនាញយុវជនឈានមុខ ប្រមាណជាង ៤០០ នាក់ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុនថា ភាពជោគជ័យរបស់យុវជន គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែងផ្ទាល់របស់យុវជនខ្លួនឯង នឹងគួបផ្សំជាមួយនឹងកត្តាអំណោយផលរបស់ប្រទេសជាតិ ដែលខ្លួនរស់នៅ។
នៅក្នុងពិធីសំណេះសំណាលជាមួយយុវជន ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាល ស្តីពី «ឧត្តមគំនិតភាពជោគជ័យនៃយុវជន» ប្រធានអង្គការជំនាញយុវជនឈានមុខ លោក ប៉ិច សីហា បានថ្លែងឲ្យដឹងថា អង្គការរបស់លោក កន្លងមកបានបណ្តុះបណ្តាលសិស្សចំនួន ៣១៦៨ នាក់ ដែលជាង ៥០ ភាគរយ នៃអ្នកទាំងនោះ គឺជាយុវជនខ្វះខាត មកពីបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា។
លោកបានបន្តថា យុវជនប្រកាន់នូវវិន័យខ្ជាប់ខ្ជួន ដែលក្នុងនោះយុវជនទាំងអស់ តម្រូវឲ្យចេះសំពះគោរពគ្នាទៅវិញទៅមក និងដឹងគុណឪពុកម្តាយជាប់ជានិច្ច ដែលលោកយល់ថា គុណធម៌ទាំងនោះ ជាផ្លូវបំភ្លឺយុវជនទៅកាន់ភាពជោគជ័យនាពេលអនាគត។
នៅឱកាសនោះ លោក ហ៊ុន ម៉ានី បានរម្លឹកយុវជនត្រូវជៀសឆ្ងាយពីអំពើអបាយមុខ ការសេពគ្រឿងញៀន បង្កអស្ថិរភាពដល់សង្គម ជាពិសេសបង្កនូវទុក្ខដល់ឪពុកម្តាយ និងអាណាព្យាបាល។ ត្រូវខិតខំសិក្សា ពង្រឹងការយល់ដឹងដើម្បីចាប់យកឱកាសការងារ និងត្រូវដឹងគុណចំពោះស្នាដៃរបស់យុវជនជំនាន់មុន ដែលបានលះបង់ជីវិតក្នុងសង្គ្រោះដើម្បីការពារ និងកសាងប្រទេសជាតិ៕