អង្គការសហប្រជាជាតិសម្ពោធទីស្នាក់ការមូលនិធីបៃតង ដើម្បីអាកាសធាតុ
នៅកូរ៉េខាងត្បូង នៅថ្ងៃពុធនេះ មូលនិធីបៃតងដើម្បីអាកាសធាតុ ដែលជាមូលនិធីរបស់អង្គការសហប្រជាជាតិ បានបើកសម្ពោធទីស្នាក់ការខ្លួន នៅក្រុងសេអ៊ូល។ ទិសដៅនៃមូលនិធីគឺដើម្បីប្រយុទ្ធ ប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងជួយឧបត្ថម្ភគំរោងការពារប្រជាជនបណ្តាប្រទេសក្រីក្រនានា។ ប៉ុន្តែ នៅថ្ងៃបើកសម្ពោធថ្ងៃពុធនេះ មូលនិធិបៃតង ស្ទើរតែគ្មានប្រាក់ក្នុងហោប៉ៅខ្លួនទាល់តែសោះ។
នៅថ្ងៃ ពុធនេះ មូលនិធិបៃតងនៃអង្គការសហប្រជាជាតិ ដែលមានទិសដៅប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ បានបើកសម្ពោធទីស្នាក់ការការងាររបស់ខ្លួន នៅក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ ប៉ុន្តែ ដំណើរការងារប្រហែលជាមិនទាន់ចាប់ផ្តើមបានមុនត្រីមាសទីពីរ ឆ្នាំ២០១៤នោះទេ។
នៅថ្ងៃសម្ពោធ ទីស្នាក់ការថ្ងៃពុធនេះ មូលនិធិបៃតងនៅមិនទាន់មានថវិកាគ្រប់គ្រាន់នៅឡើយ។ តាមធម្មតា រហូតដល់ឆ្នាំ២០២០ ប្រទេសអភិវឌ្ឍន៍នានាធ្លាប់រំពឹងថា ត្រូវរួមគ្នាផ្តល់ថវិកាអោយបាន១០០ពាន់លានដុល្លារ គឺត្រូវនឹង៧៤ពាន់លានអឺរ៉ូ ដល់មូលនិធិបៃតង។ តែដោយសារតែរងនូវវិបត្តិសេដ្ឋកិច្ច ប្រទេសអភិវឌ្ឍន៍ទាំងនេះ មិនបានផ្តល់ថវិកាគ្រប់ចំនួនតាមការសន្យារបស់ខ្លួនឡើយ។ នៅពេលនេះ មូលនិធិបៃតង មានតែប្រាក់ប្រមាណ៤០លានដុល្លារ ដែលកូរ៉េខាងត្បូងបានផ្តល់អោយតែប៉ុណ្ណោះ។
គួររំលឹកថា មូលនិធិបៃតងរបស់អង្គការសហប្រជាជាតិ បានចាប់កំណើតឡើងកាលពីឆ្នាំ២០១០ ក្នុងទិស ដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងជួយឧបត្ថម្ភគំរោងការពារប្រជាជនបណ្តាប្រទេសក្រីក្រនានា ដែលរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ បែបយ៉ាង ការឡើងកម្ពស់ទឹកសមុទ្រ រឺក៏គ្រោះរាំងស្ងួតដែលបន្តត្រាំត្រែងបង្កផលវិបាកដល់ការបង្កើនផល ដំណាំជាដើម៕ដោយ ព្រំ សឿន សូលីណា (RFI)