អ៊ីរ៉ង់បង្អួតយន្តហោះគ្មានមនុស្សបើក អាចធ្វើសកម្មភាពបានក្នុងចំងាយ២០០០គីឡូម៉ែត្រ
នៅថ្ងៃចន្ទនេះ ក្រសួងការពារជាតិអ៊ីរ៉ង់បានបង្អួតជាសាធារណៈនូវយន្តហោះដ្រូន ដែលជាយន្តហោះគ្មានមនុស្សបើកមួយគ្រឿង។ យន្តហោះនេះអាចផ្ទុកអាវុធមីស៊ីលបាន ហើយអាចធ្វើសកម្មភាពបានរវាងចំងាយ២០០០គីឡូម៉ែត្រ ពោលគឺអាចវាយប្រហារក្នុងទឹកដីអ៊ីស្រាអែលដែលជាសត្រូវអ៊ីរ៉ង់បាន។ អ៊ីរ៉ង់បង្អួតយន្តហោះនេះឡើង ត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីបារាំងបានចុះទៅទស្សនកិច្ចអ៊ីស្រា អែល។
Fotros ហ្វូត្រូស គឺជាឈ្មោះយន្តហោះដ្រូនគ្មានមនុស្សបើក ដែលក្រសួងការពារជាតិអ៊ីរ៉ង់យកមកដាក់បង្អួតជាសាធារណៈ នៅថ្ងៃចន្ទនេះ។ យន្តហោះនេះអាចផ្ទុកអាវុធមីស៊ីលប្រភេទបាញ់បានទាំងផ្លូវអាកាស និងផ្លូវគោកច្រើនគ្រឿង។ យន្តហោះដ្រូនហ្វូត្រូស ហោះបានពី១៦ ទៅ៣០ម៉ោង អាចធ្វើសកម្មភាពបានរហូតចំងាយ២០០០គីឡូម៉ែត្រ ពោលគឺអាចវាយប្រហារចូលទឹកដីអ៊ីស្រាអែលដែលជាសត្រូវរបស់អ៊ីរ៉ង់ បាន។ អ៊ីរ៉ង់បានសាកល្បងប្រើយន្តហោះនេះដោយជោគជ័យរួចមកហើយ។
អ៊ីរ៉ង់ បង្អួតយន្តហោះនេះឡើង ត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីបារាំងបានចុះទៅទស្សនកិច្ចអ៊ីស្រាអែល។ ការលើកបង្ហាញយន្តហោះដ្រូននេះបញ្ជាក់ថា ទណ្ឌកម្មនានាដែលប្រទេសសត្រូវនានាដាក់មកលើអ៊ីរ៉ង់ ដោយសារតែបញ្ហានុយក្លេអ៊ែរនោះ មិនអាចប៉ះពាល់ដល់ការរីកចំរើនវិស័យការពារជាតិអ៊ីរ៉ង់បានឡើយ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ អ៊ីរ៉ង់បានធ្វើសកម្មភាពផលិតយន្តហោះដ្រូនជាច្រើនគ្រឿង ធ្វើអោយអាមេរិកមានការព្រួយបារម្ភ។ កាលពីខែកញ្ញា ឆ្នាំ២០១២ អ៊ីរ៉ង់បានបង្ហាញយន្តហោះដ្រូន ឈ្មោះថាShahed១២៣ ស្ហាហេដ ១២៣ អាចធ្វើសកម្មភាពបានចំងាយ១៧០០គីឡូម៉ែត្រ និងអាចផ្ទុកមីស៊ីលបាន៨គ្រឿង។ អ៊ីរ៉ង់គ្រោងផលិតយន្តហោះស្ហាហេដ១២៣នេះ អោយបានច្រើនគ្រឿង។
អ៊ីរ៉ង់ក៏ធ្លាប់បានបង្ហាញយន្តហោះដ្រូនមួយគ្រឿងផ្សេងទៀតដែរ គឺយន្តហោះយ៉ាសៀ Yassir ហោះបានកម្ពស់៤ពាន់៥រយម៉ែត្រ និងអាចធ្វើសកម្មភាពបានចំងាយ២០០០គីឡូម៉ែត្រ។ កងទ័ពអ៊ីរ៉ង់ក៏បានប្រកាសផងដែរ នូវការផលិតយន្តហោះដ្រូនប្រភេទ Rad-៨៥ ជាយន្តហោះគ្មានមនុស្សបើក ប្រើសំរាប់វាយ ប្រហារ៕ ដោយ ព្រំ សឿន សូលីណា(RFI)