ជប៉ុន និងចិនផ្ទុះសង្រ្គាមពាក្យសម្ដី
សង្រ្គាមពាក្យសម្ដីបានផ្ទុះឡើងរវាង ប្រទេសមហាអំណាច២នៅអាស៊ី គឺប្រទេសជប៉ុន និងប្រទេសចិន ក្រោយពីនាយករដ្ឋមន្រ្ដីជប៉ុនបានចេញការព្រមានថា ប្រទេសលោកបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីទប់ទល់នឹងប្រទេសចិន ប្រសិនបើចិនសម្រេចដើរផ្លូវចុងក្រោយតាមការប្រើកម្លាំងដើម្បីការ ចង់បានផលប្រយោជន៍នយោបាយភូមិសាស្រ្ដនោះ។
ពីប្រទេសចិនវិញបានឆ្លើយតបទាំងការខឹងក្រោធចំពោះការ គំរាមរបស់ជប៉ុនក្នុងការបាញ់ទម្លាក់យន្ដហោះគ្មានមនុស្សបើករបស់ ចិន ដោយនិយាយថា ទង្វើបែបនេះនឹងត្រូវបកស្រាយថា ជាសកម្មភាពសង្រ្គាម។
នៅក្នុងការធ្វើបទសម្ភាសន៍មួយជាមួយនឹង កាសែត Wall Street Journal, លោក Shinzo Abe នាយករដ្ឋមន្រ្ដីជប៉ុនបានព្រមានថា ដំណោះស្រាយដោយសន្ដិវិធីមិនអាចធ្វើទៅបានទេ ប្រសិនបើចិនប្រើកម្លាំងទ័ពដើម្បីសម្រេចបំណងការទូតរបស់ខ្លួន នោះ។
ប្រទេសមហាអំណាចអាស៊ីទាំងពីរកំពុងខាំធ្មេញបញ្ចេញ ចង្កូមដាក់គ្នាជុំវិញបញ្ហាប្រកាសទាមទារកម្មសិទ្ធិលើកម្រងកោះ មួយក្រុមដែលគ្មានមនុស្សរស់នៅដែលមានភូមិសាស្រ្ដស្ថិតនៅក្នុង សមុទ្ទចិនខាងកើត។ កាលពីចុងសប្ដាហ៍កន្លងទៅនេះ ប្រទេសជប៉ុនបានប្រើយន្ដហោះចម្បាំងរបស់ខ្លួនដល់ទៅ២ដង ដើម្បីឃ្លាំមើលយន្ដហោះយោធារបស់ចិនដែលបានហោះហើរនៅក្បែរកោះ អូគីណាវ៉ា។
រដ្ឋាភិបាលក្រុងប៉េកាំងក៏បានឆ្លើយតបដោយចិត្ដ ក្រេវក្រោធផងដែរចំពោះការគំរាមរបស់ជប៉ុនក្នុងការបាញ់កម្ទេចយន្ដ ហោះគ្មានមនុស្សបើកដែលបើកឈ្លានពានលើទឹកដីរបស់ខ្លួន ដោយចិនបានលើកឡើងថា ការបាញ់ទម្លាក់យន្ដហោះចិនណាមួយ គឺជាសញ្ញាបង្ហាញឲ្យឃើញនូវសកម្មភាពសង្រ្គាម៕ (Radio Australia)