អ្នកគាំពារជនភៀសខ្លួន ចង់ដឹងអំពីនីតិវិធីថ្មីរបស់រដ្ឋាភិបាល ក្នុងពិនិត្យវិនិច្ឆ័យសំណុំឯកសារជនស្វែងសុំសិទ្ធិជ្រកកោន
ក្រុមអ្នកធ្វើការ គាំទ្រជន ភៀសខ្លួន កំពុងលើកនូវចម្ងល់អំពីថេរៈវេលា ដែលរដ្ឋាភិបាល អូស្ត្រាលីនឹងបង្ហាញនូវនីតិវិធីថ្មីរបស់ខ្លួន ក្នុងពិនិត្យវិនិច្ឆ័យសំណុំឯកសាររបស់ជនស្វែងសុំសិទ្ធិជ្រកកោន ។
មនុស្សប្រមាណជា ២ម៉ឺន១ពាន់នាក់ កំពុងស្នាក់នៅក្រៅមណ្ឌលឃុំខ្លួនជនអន្តោប្រវេសន៍ ដោយកាន់ទិដ្ឋាការរង់ចាំ សេចក្តីសម្រេចលើពាក្យសុំរបស់ពួកគេ។
ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតកន្លងទៅ រដ្ឋាភិបាលបានសន្យាថា នឹងធ្វើការត្រួតពិនិត្យឡើងវិញ ហើយបានប្រកាសថានឹងឃុំខ្លួនជនណា ដែលរកឃើញថាមិនមែនជាជនភៀសខ្លួន។
អ្នកស្រី Pamela Curr មកពីមជ្ឈមណ្ឌលគាំពារជនស្វែងសុំសិទ្ធិជ្រកកោន មានប្រសាសន៍ថា ជនស្វែងសុំសិទ្ធិជ្រកកោនជាច្រើន នៅក្រៅឃុំ កំពុងព្រួយបារម្ភអំពីអនាគតរបស់ពួកគេ អំពីអ្វីដែលនឹងកើតឡើងចំពោះពួកគេ។
អ្នកស្រី បន្តថា ជនស្វែងសុំសិទ្ធិជ្រកកោន កំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា។ ពួកគេមានការព្រួយបារម្ភ។ ពួកគេតែងតែសួរអ្នកស្រីថា តើអ្នកស្រីគិតថានឹងមានអ្វីកើតឡើង ហើយថាតើរដ្ឋមន្ត្រីនឹងចាត់វិធានការ យ៉ាងដូចម្តេច ហើយនឹងបញ្ជូលពួកគេទីណា៕ (Radio Australia)