ការវាយប្រហារភេរវកម្មធ្វើឲ្យមនុស្ស៧៨នាក់ស្លាប់នៅប៉ាគីស្ថាន
ក្រុមសកម្មប្រយុទ្ធមួយដែលមាន ទំនាក់ទំនង ជាមួយនឹងពួកតាលីបង់នៅ ប៉ាគីស្ថានបានចេញមុខអះអាងការទទួលខុសត្រូវចំពោះការវាយប្រហារ មួយទៅលើវិហារគ្រិស្ដសាសនាមួយនៅខេត្ដ Peshawar ដែលបានធ្វើឲ្យមនុស្សយ៉ាងតិច៧៨នាក់ស្លាប់។
អ្នក នាំពាក្យសម្រាប់ក្រុម Jundullah នេះបានប្រាប់ទៅប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ការវាយប្រហារនេះបានធ្វើឡើងដើម្បីជាការសងសឹកទៅនឹងការវាយ ប្រហារតាមយន្ដហោះគ្មានមនុស្សបើកដែលបានធ្វើឡើងដោយអាម៉េរិក។
មាន របាយការណ៍ថា អ្នកនាំពាក្យរូបនេះបានលើកឡើងថា ក្រុម Jundullah នេះនឹងបន្ដការវាយប្រហារថែមទៀតលើបណ្ដាជនដែលមិនកាន់សាសនា អ៊ិស្លាមនៅក្នុងប្រទេសប៉ាគីស្ថាន ដរាបណាសហរដ្ឋអាម៉េរិកនៅតែបន្ដវាយប្រហារលើតំបន់កុលសម្ព័ន្ធនានា នៅក្នុងប្រទេសនេះ។
ថ្មីៗនេះ ក្រុម Jundullah បានបើកការវាយប្រហារទៅលើតំបន់ Shias នៅប៉ែកខាងជើងប្រទេសប៉ាគីស្ថាន និងការិយាល័យមួយរបស់ទីភ្នាក់ងារស៊ើបការសម្ងាត់ប៉ាគីស្ថាននៅប៉ែក ខាងត្បូងប្រទេស៕ (Radio Australia)