សម្តេចសង្ឈដាឡៃឡាម៉ា អំពាវនាវអោយព្រះសង្ឈភូមា បញ្ឈប់ហិង្សាប្រឆាំងអ្នកកាន់សាសនាអ៊ីស្លាម
នៅថ្ងៃអង្គារម្សិលមិញនេះ សម្តេចសង្ឈដាឡៃឡាម៉ា អំពាវនាវអោយព្រះសង្ឈភូមា គោរពគោលការណ៍ព្រះពុទ្ធសាសនា ដើម្បីបញ្ឈប់អំពើហិង្សាប្រឆាំងទៅនឹងអ្នកកាន់សាសនាអ៊ីស្លាម នៅភូមា។ មួយឆ្នាំមកនេះ អំពើហិង្សាសហគមន៍ក្នុងរដ្ឋរ៉ាក់ឃីន ភាគខាងលិចប្រទេស បានសម្លាប់មនុស្សប្រមាណ២០០នាក់ ភាគច្រើនជាអ្នកកាន់សាសនាអ៊ីស្លាមរ៉ូហ៊ីងយ៉ាស។
សម្តេចសង្ឈ ដាឡៃឡាម៉ា បានអំពាវនាវ ដល់ព្រះសង្ឈនៅភូមា អោយគោរពតាមគោលការណ៍ពុទ្ធ សាសនា ប្រកាន់សច្ចភាព ដើម្បីបញ្ចប់ការបង្ហូរឈាមនៅភូមា។ ក្នុងការអំពាវនាវនេះ សម្តេចសង្ឈ ដាឡៃឡាម៉ា បានប្រើពាក្យ បងប្អូនអ្នកកាន់សាសនាអ៊ីស្លាម ដើម្បីក្រើនរំលឹកព្រះសង្ឃភូមាពីសច្ចភាពដែលចែងក្នុង សាសនាព្រះពុទ្ធ។ ព្រះអង្គបន្ថែមថា សច្ចភាពនេះ នឹងជួយអោយបងប្អូនអ្នកកាន់សាសនាអ៊ីស្លាមទាំងនោះចៀសផុតពីការរងគ្រោះ។
គួររំលឹកថា អំពើហិង្សាសហគមន៍នៅរដ្ឋរ៉ាក់ឃីន ភាគខាងលិចភូមា ក្នុងរយៈពេលមួយឆ្នាំមកនេះ បានសម្លាប់មនុស្ស២០០នាក់ និងធ្វើអោយមនុស្ស១៤ម៉ឺននាក់ទៀត ភៀសខ្លួន។ ជនរងគ្រោះភាគច្រើនជា អ្នកកាន់សាសនាអ៊ីស្លាម រ៉ូហ៊ីងយ៉ាស។ នៅភាគខាងលិចភូមានេះ មានអ្នកកាន់សាសនាអ៊ីស្លាមរ៉ូហ៊ីងយ៉ាស៨សែននាក់រស់នៅ។ អង្គការ សហប្រជាជាតិចាត់ទុកពួកគេថា ជាជនជាតិភាគតិចដែលរងនូវការសំលាប់រង្គាលច្រើនជាងគេ នៅក្នុងពិភពលោក។
លោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំគណបក្សប្រឆាំងភូមា បានប្រកាសថា លោកស្រីខ្លួនឯងផ្ទាល់ មិនអាចទប់ស្កាត់អំពើហិង្សាប្រឆាំងអ្នកកាន់សាសនាអ៊ីស្លាមក្នុងប្រទេស បានទេ ដរាបណាគ្មានការបង្កើតនិតិរដ្ឋមួយពិតប្រាកដ។ លោកស្រីស៊ូជី បានលើកឡើងថា រដ្ឋធម្មនុញ្ញភូមាបច្ចុប្បន្នមិនអាចដោះស្រាយបញ្ហាជនជាតិភាគតិច នៅភូមាបានឡើយ។
ដោយឡែក យ៉ាងយូរនៅដំណាច់ឆ្នាំ២០១៣នេះ គណៈកម្មការសភាភូមានឹងសំរេចចេញនូវរបាយការណ៍មួយ ស្តីពីសំណើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលរបបសឹកភូមាចាស់បានតាក់តែងមួយទស្សវត្សរមកនេះ៕ដោយ ព្រំ សឿន សូលីណា (RFI)