កម្ពុជានឹងមានភ្លៀងបន្តធ្លាក់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែកញ្ញា
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹង ចុះថ្ងៃទី១៨ ខែកញ្ញា ដល់ក្រសួង ស្ថាប័នពាក់ ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ឲ្យប្រុងប្រយ័ត្នពីឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប ដែលនាំឲ្យមានជំនន់ទឹកភ្លៀងនៅអាងទន្លេមេគង្គ និងនៅតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា ដោយសារតែសម្ពាធ មិនធម្មតាបានកើតឡើង នៅសមុទ្រចិនខាងត្បូងដែលកំពុងតែកំពុងបង្កើនឥទ្ធិពល។
តាម ការព្យាករវិសម្ពាធនេះ នឹងវិវត្តទៅជាកូនព្យុះ ហើយនៅយប់ថ្ងៃទី១៩ ខែកញ្ញា ព្យុះនេះនឹងធ្វើដំណើរមកដល់កម្ពុជា ហើយបង្កឲ្យមានភ្លៀងធ្លាក់ច្រើននៅក្នុងអាងទន្លេមេគង្គ។
ជា ពិសេសនៅតាមខេត្តមួយចំនួនមានដូចជា ក្រចេះ, ស្ទឹងត្រែង, រតនគីរី, មណ្ឌលគីរី, ព្រះវិហារ, ឧត្តរមានជ័យ, សៀមរាប និងខេត្តកំពង់ធំ ជាដើម ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែកញ្ញា អាចនឹងប្រឈមជំនន់ទឹកភ្លៀង។
កាលពីថ្ងៃម្សិលមិញ ភ្លៀងនៅតែបន្តធ្លាក់ខ្លាំង និងមានទឹកជំនន់ជន់លិចផ្ទះប្រជាពលរដ្ឋនៅតំបន់ទំនាបមួយចំនួននៅ ខេត្តរតនគីរី ដោយសារទឹកហូរមិនទាន់។ ប៉ុន្តែទឹកទន្លេសេសាន និងទឹកទន្លេស្រែពក មិនទាន់មានជំនន់ជន់លិចធ្ងន់ធ្ងរនៅឡើយទេ៕ Cambodia News