ព្រះមហាក្សត្រ យាងដល់ កម្ពុជាវិញហើយ
ភ្នំពេញ៖ នៅរសៀលម៉ោង៤ ថ្ងៃទី១១ កញ្ញានេះ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងត្រឡប់ មកដល់ប្រទេសកម្ពុជា វិញហើយ។ ក្រោយពេលដែលព្រះអង្គ បានយាងចាកចេញ ពីប្រទេស កម្ពុជា ដើម្បីទៅពិនិត្យព្រះរាជសុខភាព នៅប្រទេសចិន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣ កន្លងទៅនេះ។
ក្នុងពិធីទទួលព្រះរាជដំណើររបស់អង្គព្រះមហាក្សត្រ នៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញ គេសង្កេតឃើញ មានវត្តមាន លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា លោក ហេង សំរិន ប្រធានរដ្ឋសភាជាតិ រួមជាមួយ និងមន្រ្តីជាន់ខ្ពស់ រាជរដ្ឋាភិបាលជាច្រើនរូប។
ដោយឡែកនៅក្នុងនោះក៏គេឃើញ វត្តមានលោក សម រង្ស៊ី ប្រធាន គណបក្សសង្រ្គោះជាតិ ,លោក កឹម សុខា អនុប្រធានគណបក្ស និងសមាជិករបស់ គណបក្សនេះជាច្រើន រូបទៀត ផងដែរ។
នេះគឺជាលើកទីមួយហើយ ដែលគូបដិបក្ខនយោបាយ ពោលគឺថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ជាគណបក្ស ដែល កំពុងកាន់អំណាច និងថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ជាគណបក្សប្រឆាំង បានលេចមុខជាសាធារណៈ ជាមួយគ្នាជាកម្រ ចាប់តាំងពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៤ ឆ្នាំ២០០៨មកម្លេះ។
គួរបញ្ជាក់ថា បន្ទាប់ពីព្រះមហាក្សត្របានចាកចេញទៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១២ សីហា ឆ្នាំ២០១៣ ដើម្បី ពិនិត្យព្រះរាជសុខភាពរបស់ព្រះអង្គ។ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៣នេះ ជាការយាងវិលត្រឡប់មក មាតុភូមិរបស់ ព្រះអង្គ និងការគ្រោងបើកសម័យប្រជុំសភាដំបូង ថ្ងៃទី២៣ កញ្ញា ២០១៣ ៕ Cambodia News