អតីតប្រធានាធិបតីប៉ាគីស្ថានPervez Musharraf រងការចោទប្រកាន់ថ្មីៗទៀត ពីបទមនុស្សឃាត
នៅថ្ងៃចន្ទនេះ ប៉ូលិសប៉ាគីស្ថានបានដាក់ពាក្យបណ្តឹងថ្មីមួយទៀតទៅតុលាការ ដើម្បី ចោទប្រកាន់លោក Pervez Musharraf អតីតប្រធានាធិបតីប៉ាគីស្ថាន ពីបទឃាតកម្មសម្លាប់អ៊ីម៉ាំដឹកនាំការសូត្រធម៌មួយរូប នៅវិហារ ក្រហមក្រុងអ៊ីស្លាម៉ាបាដ។ គួររំលឹកថា កាលពី៦ឆ្នាំមុន វិហារក្រហមក្រុងអ៊ីស្លាម៉ាបាដ គឺជាទីកន្លែងដែលទាហានធ្លាប់បានធ្វើការវាយលុកបង្ហូរឈាម។ នេះជានីតិវិធីថ្មីមួយក្នុងចំណោមនីតិវិធីចុងក្រោយនានា ប្រឆាំងនឹងលោក Musharraf តាំងតែពីលោកបានត្រលប់ចូលប៉ាគីស្ថានវិញ នៅខែមិនាដើមឆ្នាំ បន្ទាប់ពីបានភៀសខ្លួន ទៅក្រៅប្រទេសអស់៥ឆ្នាំមក។
នៅក្នុងការចោទប្រកាន់ថ្មីនេះ អ្នកដឹកនាំការសូត្រធម៌មួយរូបនៃវិហារក្រហម នៅប៉ាគីស្ថាន ឈ្មោះ អាប់ ឌុល រ៉ាស្ហ៊ីត ហ្កាស៊ី គឺជាជនរងគ្រោះមួយរូបក្នុងចំណោមជនរងគ្រោះជាងមួយរយនាក់ ដែលបានស្លាប់ កាលពីថ្ងៃ១០កក្កដា ឆ្នាំ២០០៧ នៅក្នុងការឡោមព័ទ្ធ និងការវាយលុកពីសំណាក់កងទ័ពប៉ាគីស្ថាន នៅក្រុងអ៊ីស្លាម៉ាបាដ។ វិហារក្រហមនេះ ជាទីកន្លែងដែលអ្នកកាន់សាសនាអ៊ីស្លាមនានា បានទាមទារសុំអោយបង្កើតច្បាប់អ៊ីស្លាម ដែលហៅថា Charia នោះ នៅក្នុងប្រទេស និងទាមទារអោយរដ្ឋាភិបាលលោក មូស្ហារ៉ាហ្វ ចុះចេញពីអំណាច។
បន្ទាប់ពី ហេតុការណ៍នោះមក ក្រុមឧទ្ទាមតាលីបង់នៅប៉ាគីស្ថានបានបង្កអំពើភេរវកម្មជាច្រើនដែលមិន ធ្លាប់មានពីមុនមក នៅគ្រប់ទីកន្លែងក្នុងប្រទេស សម្លាប់មនុស្សអស់រាប់ពាន់នាក់។ ប៉ូលិសប៉ាគីស្ថានមានការញញើត មិនហ៊ានធ្វើបណ្តឹងប្រឆាំងលោក មូស្ហារ៉ាហ្វ ដោយសារតែសំណុំរឿងនេះ គឺជាប្រធានបទដ៏ក្តៅគគុក។ ប៉ុន្តែ កូនប្រុសអ៊ីម៉ាំអ្នកសូត្រធម៌ បានជំរុញតុលាការកំពូលក្រុងអ៊ីស្លាម៉ាបាដ អោយបង្ខំប៉ូលិសអោយសំរេចកិច្ចការនេះ។ នៅថ្ងៃចន្ទនេះ ប៉ូលិសបានបញ្ជាក់ថា បានដាក់ពាក្យបណ្តឹងចោទប្រកាន់អតីតប្រធានាធិបតីពីបទឃាតកម្មលើ អ្នកសូត្រធម៌ ហ្កាស៊ី នេះហើយ។
អតីតប្រធានាធិបតី Pervez Musharraf ធ្លាប់កាន់អំណាចនៅប៉ាគីស្ថាន ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០៨ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ពីបទធ្លាប់ដាក់ប្រទេសក្រោមការប្រកាសអាសន្ន កាលពីឆ្នាំ២០០៧ និងពីបទសម្លាប់មេដឹកនាំក្រុមឧទ្ទាមមួយរូប នៅខេត្តបាលូតឈីស្តង់។ កាលពីខែកក្កដា កន្លងទៅ តុលាការបានដាក់ពិរុទ្ធលោក Musharraf ពីបទធ្វើឃាតអតីតនាយករដ្ឋមន្ត្រី បេណាស៊ៀរ ប៊ុតតូ៕ដោយ ព្រំ សឿន សូលីណា (RFI)