អាមេរិកគំរាមវាយប្រហារលើស៊ីរី តែក្រុងដាម៉ាស ព្រមានវាយបកវិញ

ការប្រឈមមុខ​ដាក់គ្នា​រវាង​អាមេរិក និង​ស៊ី​រី​មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ហើយ​នៅពេលនេះ។ ទីក្រុង​វ៉ាស៊ីនតោន​បាន​ចោទប្រកាន់​ស៊ី​រី​ដោយត្រង់ៗនិង​លើកដំបូង​កាលពី​ ថ្ងៃ​អង្គា​រថា បាន​ប្រើ​អាវុធ​គីមី​ប្រឆាំង នឹង​ពួក​ឧទ្ទាម និង​បាន​ព្រមាន​បើក​ប្រតិបត្តិការ​យោធា​ទៅលើ​កងទ័ព​ស៊ី​រី។ ប៉ុន្តែ ទីក្រុង​ដា​ម៉ាស់​បាន​ព្រមាន​តប​វិញ​ថា ខ្លួន​នឹង​វាយតប​វិញ​ដោយ​មធ្យោបាយ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដើម្បី​ការពារ​ ខ្លួន។

នេះ​ជា​លើកដំបូង​ហើយ​ដែល​ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ចោទប្រកាន់​ ដោយផ្ទាល់​និង​ជា​ចំហ​ទៅលើ​ទីក្រុង​ដា​ម៉ាស​អំពី​ការប្រើប្រាស់​អាវុធ​គីមី និង​គំរាម​វាយប្រហារ។ លោក Joe Biden អនុ​ប្រធានាធិបតី​អាមេរិក​បានប្រកាសថា អ្នកទទួលខុសត្រូវ​ក្នុង​ការប្រើ​អាវុធ​គីមី​គឺជា​រដ្ឋាភិបាល​ស៊ី​រី។ លោក​បាន​ថ្លែង​ទៀតថា អ្នក​ប្រើ​អាវុធ​គីមី​ប្រឆាំងនឹង​មនុស្ស ជាពិសេស​ស្ត្រី និង​កុមារ ត្រូវតែ​ទទួលផល​វិញ​សម​នឹង​អ្វីដែល​ពួកគេ​បានធ្វើ។

រដ្ឋាភិបាល​លោក អូ​បា​ម៉ា គ្រោង​នឹង​ចេញ​របាយការណ៍​មួយផ្នែក​របស់ខ្លួន​នៅក្នុង​សប្តាហ៍​នេះ​ដើម្បី​ បង្ហាញ​ព័ត៌មាន​នានា​ដែល​ទីភ្នាក់ងារ​សម្ងាត់​ទទួលបាន​ទាក់ទង​នឹង​ការ​ទទួល​ ខុស​ត្រូវ​​រប​ស់​រដ្ឋាភិបាល​ស៊ី​រី​ក្នុងការ​ប្រើប្រាស់​អាវុធ​គីមី។ ទន្ទឹមនឹង​នេះដែរ សហរដ្ឋអាមេរិក​បាន​ត្រៀម​ជាស្រេច​ហើយ​ក្នុង​ការបើក​ប្រតិបត្តិការ​យោធា​ទៅលើ ​ប្រទេស​ស៊ី​រី។ លោក Chuck Hagel រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​អាមេរិក​បាន​អះអាងថា កងទ័ព​អាមេរិក​បាន​ត្រៀម​គ្រប់​ស្ថានភាព​អស់​ហើយដោយ​រង់ចាំតែ​បទបញ្ជា​ពី​ ប្រធានាធិបតី​អូ​បា​ម៉ា​តែប៉ុណ្ណោះ។

ប៉ុន្តែ លោក អូ​បា​ម៉ា នៅ​មិនទាន់​សម្រេច​ថា​នឹងត្រូវ​បើក​ប្រតិបត្តិការ​យោធា​នៅពេលណា​នៅ​ឡើយ​​ទេ។ លោក​កំពុងតែ​ពិភាក្សា​ជាមួយ​ដៃគូ​សម្ព​ន្ធ័​មិត្ត​ជាពិសេស​អង់គ្លេស និង​បារាំង​ដើម្បី​​ឲ្យ​​ពួកគេ​ចូលរួម​នៅក្នុង​ប្រតិបត្តិការ​នេះ។ ទីក្រុង​ឡុង​នឹង​ប៉ារីស​បានផ្តល់​សញ្ញា​ជា​វិជ្ជ​មាន​​ចំពោះ​ប្រតិបត្តិការ​ យោធា​ទៅលើ​ប្រទេស​ស៊ី​រី។ ប៉ុន្តែ ប្រទេស​រុស្ស៊ី​បាន​ជំទាស់​យ៉ាង​ដាច់​ខាត​។

ប្រឈមមុខ​ទៅនឹង​ការត្រៀម​លក្ខណៈ​វាយប្រហារ​ទៅលើ​ប្រទេស​របស់ខ្លួន រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស់​របស់ លោក Bachar al-Assad បាន​ព្រមាន​តប​វិញ​ថា នឹង​ប្រើ​មធ្យោបាយ​តបត​វិញ។ រដ្ឋមន្ត្រីការបរទេស​ស៊ី​រី​បាន​អះអាងថា រដ្ឋាភិបាល​របស់លោក​នឹង​ប្រើប្រាស់​ការតបត​វិញ​ដោយ​​មធ្យោ​បាយ​​គួរ​ឲ្យ​ ភ្ញាក់ផ្អើល​មួយ​ប្រសិនបើ​អាមេរិក និង​សម្ពន្ធមិត្ត​បើក​ការវាយប្រហារ​ទៅលើ​ប្រទេស​របស់ខ្លួន​មែន​នោះ។ ប្រឈមមុខ​នឹង​ស្ថានការណ៍​ដ៏​តានតឹង​នេះ ប្រជាជន​ស៊ី​រី​កំពុង​ព្រួយបារម្ភ និង​ភ័យខ្លាច​យ៉ាងខ្លាំង៕ដោយ ប៉ែន បូណា (RFI)

Related Articles

Back to top button
Close
Close