ក្រុមប្រឹក្សាធម្មនុញ្ញអាចសម្រេចឲ្យ (គ.ជ.ប) បើកកញ្ចប់សុវត្ថិភាព ”ក”
ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២២ សីហា ឲ្យដឹងថា ក្រុមប្រឹក្សាធម្មនុញ្ញអាចសម្រេចឲ្យគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប) បើកកញ្ចប់សុវត្ថិភាព “ក” មួយចំនួន ដើម្បីធ្វើការផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោត។
សេចក្តីប្រកាសព័ត៌មាន ឲ្យដឹងទៀតថា គិតមកទល់ថ្ងៃទី២២ សីហា នេះ ក្រុមប្រឹក្សាធម្មនុញ្ញបានទទួលពាក្យបណ្ដឹងសរុបចំនួន ៣៩ពាក្យបណ្ដឹង ហើយក្រុមប្រឹក្សាធម្មនុញ្ញបានដោះស្រាយរួចចំនួន ២៤ពាក្យបណ្ដឹង។
ក្រុមប្រឹក្សាធម្មនុញ្ញ កំពុងពិនិត្យពិចារណា និងស៊ើបអង្កេតចំនួន ១៥ពាក្យបណ្ដឹង ដែលសុទ្ធសឹងតែជាបណ្ដឹងតវ៉ាលើលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោត។
កញ្ចប់សុវត្ថិភាព “ក” គឺជាកញ្ចប់ដែលដាក់ឯកសារដើមជាច្រើនមកពីការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត។ ឯកសារនៅក្នុងកញ្ចប់សុវត្ថិភាព “ក” រួមមាន ទម្រង់បែបបទលេខ ១១០១ ១១០២ និង ១១០៨ បញ្ជីបោះឆ្នោតដែលត្រូវបានប្រើក្នុងថ្ងៃបោះឆ្នោត ត្រាសម្ងាត់សន្លឹកឆ្នោតខូច សន្លឹកឆ្នោតមិនបានប្រើ និងគល់បញ្ជីសន្លឹកឆ្នោតដែលបានប្រើ សន្លឹកឆ្នោតបានការ សន្លឹកឆ្នោតមិនបានការ និងផ្ទាំងក្រដាសធំសម្រាប់កត់ត្រាសំឡេងឆ្នោតជាដើម។
ក្រុមប្រឹក្សាធម្មនុញ្ញជាស្ថាប័នកំពូលរបស់ប្រទេស ដែលទទួលកាត់សេចក្តីលើពាក្យបណ្ដឹងនានា ទាក់ទងការបោះឆ្នោត បើសិនជាសាមីខ្លួន ឬគណបក្សនយោបាយដែលចូលរួមបោះឆ្នោតពុំយល់ព្រមតាមការសម្រេចកាត់ សេចក្តីរបស់ គ.ជ.ប ទាក់ទងការបោះឆ្នោត។
ពេលវេលាចុងក្រោយរបស់ក្រុមប្រឹក្សាធម្មនុញ្ញសម្រាប់កាត់សេចក្តី ទាក់ទងលទ្ធផលបោះឆ្នោត គឺនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៣៕ Cambodia News