គោល​នយោបាយ​របស់​គណបក្ស​សមរង្ស៊ី

«ចៅសង្កាត់និងមេឃុំសមរង្ស៊ី នឹងចុះចេញពីដំណែង បើសិនជាមិនអាចអនុវត្តតាមគោលនយោទាំង១០របស់គណបក្សនោះទេ។» នេះគឺជាពាក្យសន្យារបស់សមាជិកឃុំសង្កាត់គណបក្សសមរង្ស៊ីក្នុងកំឡុងពេលឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អណ្ណត្តិទី៣។

ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដែលមានរយះពេល១៥ថ្ងៃ គឺពីថ្ងៃទី១៨ខែឧសភា ដល់ថ្ងៃទី០១ ខែមិថុនា គឺ មាន គណបក្ស នយោបាយ​ចំណយន១០ចូលរួមក្នុងការបោះឆ្នោតឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អណ្ណត្តិទី៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ០៣ ខែមិថុនា ឆ្នាំ២០១២ ខាងមុខនេះ។ក្នុងនោះ មានគណបក្សសំខាន់ៗដូចជា គណបក្សប្រជាជនកម្ពុជា គណបក្សសម រង្ស៊ី គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្សផ្សេងៗទៀត។ យុទ្ធនាការឃោសនាបោះឆ្នោត នេះ នឹងបិទបញ្ចប់ទៅវិញនៅថ្ងៃទី១ខែមិថុនាឆ្នាំ២០១២។

ក្នុងចំនោមគណបក្សនយោបាយទាំង១០នេះ គណបក្សនីមួយៗ មានគោលនយោបាយខុសៗគ្នាមួយចំនួន តែ​ជា​រួម​គឺ​សុទ្ធ​តែ​ដើម្បី​បម្រើ​ដល់​ប្រជារាស្ត្រនិងប្រទេសជាតិទាំងមូល។ គណបក្សសមរង្ស៊ី បានឈរឈ្មោះបោះឆ្នោតចំនួន១៦១៥ឃុំសង្កាត់ស្មើនឹង៩៩%  មាន​សមា​ជិក ២៤០០៨នាក់ ក្នុងនោះមានស្រ្តីជាង៥០០០នាក់ ហើយនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១២នេះ ដែល​មាន​រយៈ​ពេល​១៥ថ្ងៃ គណបក្សប្រឆាំងមួយនេះ  បានចេញយុទ្ធនាការស្វែងរកសម្លេងឆ្នោត របស់​ខ្លួន​យ៉ាង​ផុស​ផុល​តាម​លទ្ធភាព​របស់​ខ្លួន​ទាំង​នៅ​ទី​ក្រុង និងខេត្ត។

ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត គណបក្សសមរង្ស៊ីដែលគេស្កាល់ថាជាគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា បាន​ប្រើ​ប្រាស់​យុទ្ធសាស្រ្តជាច្រើនដូចជា ការដង្ហែរក្បួនជារថយន្ត និងម៉ូតូ ការចែកខិតបណ្ណ ការចាក់បង្ចាំងស្លាយ និងបទចម្រៀងនាពេលយប់។ ក្នុង​មធ្យោបាយទាំងអស់នេះ សុទ្ធតែស្ថិតក្នុងគោលបំណងតែមួយ គឺបង្ហាញពីវីរៈភាព និងគោលនយោបាយធំៗរបស់បក្ស។

ក្នុងគោលនយោបាយទាំងអស់នោះ គណបក្សសមរង្សីក៏បានបង្ហាញគោលនយោបាយរបស់ខ្លួន ដែល​ទាក់ទង​នឹង​ការ​បម្រើ​ប្រជាពល​រដ្ឋ​ថ្នាក់​ឃុំ និងសង្កាត់ មាន១០ចំណុចធំផងដែរ ដែលមានដូចជាទី១ប្រកាន់ខ្ជាប់ សីលធម៌ សច្ចធម៌ យុត្តិធម៌ ទី២ការ​ពារ​ប្រជាពលរដ្ឋ​ស្លូត​ត្រង់​ទូទៅ ទី៣ដោះស្រាយបញ្ហាប្រជាពលរដ្ឋ ដោយមិនរើសអើង និងមិនទាមទារកម្រៃ ទី៤ផ្តល់សំបុត្រស្នាមផ្សេងៗ យ៉ាង​ឆាប់​រហ័ស​ដល់​ប្រជាពលរដ្ឋដោយមិនទារកម្រៃសំរាប់ប្រយោជន៍ផ្ទាល់ខ្លួន ទី៥ការពារដីធ្លីប្រជាពលរដ្ឋ ទី៦បង្កើតសហគមន៍កសិកម្ម និងនេសាទ ប្រជា​ធិបតេយ្យ ទី៧ការពារព្រៃឈើ និងធនធានធម្មជាតិ ទី៨ប្រើប្រាស់មូលនិធិឃុំប្រកបដោយតម្លាភាព និងយុត្តិធម៌ ដើម្បី​ជីវភាព​ប្រជា​ពល​រដ្ឋ និងការអភិវឌ្ឍន៍ពិតប្រាកដ ទី៩បែងចែកជំនួយជាតិ និងអន្តរជាតិដល់ប្រជាពលរដ្ឋដោយមិនរើសអើង និងមិនប្រកាន់បក្ខពួក និងទី១០ជ្រើសរើសមេភូមិថ្មី តាមឆន្ទៈប្រជាពលរដ្ឋ។

លោកស្រេង ឡេង ជាក្រុមប្រឹក្សាសង្កាត់បឹងកក់ទី១ និងជាបេក្ខជនឈរឈ្មោះរបស់គណបក្សសមរង្ស៊ី បាន​ថា៖ «ក្រៅ​ពី​គោល​នយោ​បាយ​ទាំង១០នេះ គណបក្សក៏បានផ្សព្វផ្សាយនយោបាយពីការលុបបំបាត់អំពើពុករលួយ ការលុបបំបាត់ការរំលោភយកដីធ្លី ការការពារបូរណភាពទឹកដី ការកាប់បំផ្លាញព្រៃឈើ និងការរំលោភសិទ្ធិកម្មករជាដើម»។

លោក គង់ គាំ ប្រធានស្ដីទីគណបក្ស សម រង្ស៊ីប្រាប់វិទ្យុអាស៊ីសេរីចេញផ្សាយកាលពីថ្ងៃទី២៤ ខែឧសភា ថា ៖ «គណបក្ស សម រង្ស៊ី បាន​កំណត់​ថា ឆ្នាំ២០១២ ឆ្នាំ២០១៣ ជាឆ្នាំសង្រ្គោះប្រជាពលរដ្ឋកម្ពុជាឲ្យរួចផុតពីជម្លោះដីធ្លី ទាំងនៅក្នុងផ្ទៃប្រទេស ទាំងនៅក្នុងព្រំដែន នៃ​ប្រទេស​ទាំងមូល»។ ពោលគឺក្នុងចំនោមគោលនយោបាយទាំង១០ គណបក្សនឹងសង្កត់ធ្ងន់ទៅលើការដោះស្រាយបញ្ហាដីធ្លឺ និង​ជំលោះ​ព្រំដែន ដោយសារនេះជាវិបត្តិរាំរ៉ៃក្នុងសង្គម។

លោក ស្រេងឡេង បានបន្តថា បើសិនជាគណបក្សសមរង្ស៊ីជាប់ឆ្នោត យើងនឹងគោរពតាមគោលនយោបាយទាំង១០របស់ខ្លួន បើ​ពុំ​នោះ​ទេ យើងនឹងសុខចិត្តចុះចេញពីតំនែងដោយខ្លួនឯង បើមិនអាចអនុវត្តគោលនយោបាយទាំង១០នេះបាន។    គណបក្ស​ប្រឆាំង​ធំជា​ង​គេ​ក្នុង​ប្រទេសកម្ពុជានេះ មានក្តីសង្ឈឹមថាខ្លួននឹងជាប់ឆ្នោត ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អណ្ណត្តិទី៣ ដែលនឹង​មក​ដល់​នាពេលខាងមុខនេះ។

ចំណែកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អណត្តទី២ នៅឆ្នាំ២០០៧ មានគណបក្សនយោយបាយចំនួន ១២ បាន​ចូល​រួម​ប្រកួត​ប្រជែង ហើយមានគណបក្ស ៥ ទទួលបានអាសនៈ គណបក្សប្រជាជនកម្ពុជា គណបក្សសមរង្ស៊ី គណបក្ស នរោត្តម រណឫទ្ធិ គណបក្ស ហ្វ៊ុនស៊ិនប៉ិច និងគណបក្សហង្សដារ៉ាចលនាប្រជាធិបតេយ្យ ដែលក្នុងនោះគណបក្សសមរង្ស៊ី ទទួលបានចំនួន ២.៦៦០ អាសនៈ។

រីឯការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អណត្តទី១ នៅឆ្នាំ២០០២វិញ គណបក្ស សមរង្ស៊ីទទួលបាន ចំនួន ១.៣៤៦ អាសនៈ ដែល​ក្នុងនោះមានគណបក្ស៨ បានចូលរួមប្រកួតប្រជែង ហើយមានតែគណបក្ស ៤ ប៉ុណ្ណោះ ដែលទទួលបានអាសនៈគឺ គណ​បក្ស​ប្រជាជន​កម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្ស សមរង្ស៊ី គណបក្ស ប្រជាធិបតេយ្យខ្មែរ។ អត្ថបទ ដោយ លោក វ៉ន សុខាន់  លោក ស្រេង ភារុន និង​កញ្ញា លឹម ម៉េងអ៊ី

Related Articles

Back to top button
Close
Close