កម្ពុជា ព្យួរចោលកម្មវិធីយោធាជាមួយសហរដ្ឋអាមេរិក
ភ្នំពេញ៖ សារព័ត៌មានAP រាយការណ៍ថា ក្រសួងការបរទេស អាមេរិក និយាយថា ប្រទេសកម្ពុជា បានព្យួរចោលកម្មវិធីកិច្ចសហប្រតិបត្តិការយោធា ជាមួយអាមេរិក និងកម្មវិធីផ្សេងទៀត បន្ទាប់ពីជម្លោះនៃការបោះឆ្នោតថ្នាក់ជាតិថ្មីៗនេះ មូលហេតុកម្ពុជាព្យួរចោលកម្មវិធីយោធា នេះ មិនទាន់មានភាពច្បាស់លាស់នៅឡើយទេ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Marie Harf និយាយកាលពីថ្ងៃចន្ទថា ក្រសួងការពារជាតិកម្ពុជា បានផ្អាកឬលុបចោលកម្មវិធីមួយចំនួន តែលោកស្រីមិនទាន់អាចផ្តល់ព័ត៌មានលម្អិតបានទេ។ លោកស្រី Harf បន្ថែមថា រដ្ឋាភិបាលអាមេរិក មិនទាន់អាចបង្ហាញថា ខ្លួនចង់ព្យួរទំនាក់ទំនងយោធាជាមួយកម្ពុជាទេ។
កាលពីថ្ងៃទី០២ខែសីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា លោកមិនខ្វល់នឹងការព្រមានផ្តាច់ជំនួយ ដែលសមាជិកសភាអាមេរិកលើកឡើងទេ ដោយអះអាងថា បើទោះជាមហាអំណាចនេះផ្តាច់ជំនួយ ក៏មិនមានអ្វីប៉ះពាល់ដល់ថវិកាជាតិឡើយ។
លោកនាយករដ្ឋមន្ត្រី ថ្លែងថា ការព្រមានផ្តាច់ជំនួយរបស់អាមេរិក មកកម្ពុជា ដែលមានតម្លៃ ៥០លានដុល្លារ ក្នុង១ឆ្នាំៗនោះ គឺមិនមានផលប៉ះពាល់អ្វីដល់ថវិការដ្ឋាភិបាលកម្ពុជាឡើយ ព្រោះប្រាក់ទាំងនោះ គឺប្រើប្រាស់សម្រាប់តែបើកប្រាក់ខែដល់ភ្នាក់ងារ អង្គការក្រៅរដ្ឋាភិបាល តែប៉ុណ្ណោះ។
កន្លងទៅ ព្រឹទ្ធសភាអាមេរិកចំនួនពីររូប បានស្នើឲ្យរដ្ឋាភិបាលលោកអូបាម៉ា ពិចារណាកាត់បន្ថយចំនួនមកកម្ពុជា ប្រសិនបើការបោះឆ្នោត មិនប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។ កាលពីថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ២០១៣ តំណាងអង្គការឃ្លាំមើលសិទ្ធិមនុស្ស និងឃ្លាំមើលការបោះឆ្នោត ចំនួន បួនរូប បានឡើងបកស្រាយ នៅមុខគណៈកម្មាធិការសភាកិច្ចការបរទេសអាមេរិក ដោយលើកយកបញ្ហាសង្គម និងនយោបាយ កំពុងកើតឡើងនៅកម្ពុជា និងជំរុញឲ្យអាមេរិក ចាត់វិធានការ តឹងរ៉ឹងលើកម្ពុជា និងកាត់បន្ថយជំនួយជាង ៧០លានដុល្លារមកកម្ពុជា៕ Cambodia News