ជប៉ុន​កោះហៅ​ឯក​អគ្គរដ្ឋទូត​ចិន​ពី​រឿង​វត្តមាន​នាវា​ល្បាត​ចិន​នៅ​ជុំវិញ​ប្រជុំកោះ​សេនកាគូ​

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ រដ្ឋាភិបាល​ជប៉ុន​បាន​កោះ​ហៅ​​ឯក​អគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ​ជប៉ុន អោយ​ចូល​ជួប​បំភ្លឺ​​ពី​​វត្តមាន​​​​នាវា​ល្បាត​ចិន​​​នៅ​ជុំវិញ​ប្រជុំកោះ​ សេនកាគូ ដែល​ជា​កោះ​ជម្លោះ​រវាង​ប្រទេស​ទាំងពីរ ស្ថិត​នៅ​សមុទ្រ​ចិនភាគ​​ខាងកើត ។ នាវាល្បាត​ចិន​ចំនួន​៤​បាន​ចូល​មក​តំបន់​នេះ កាលពី​ថ្ងៃ​ពុធ ហើយនៅ​បន្ត​​វត្តមាន​ខ្លួន​ ​រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍​នេះ។

យោងតាម ​ក្រសួងការ​បទេស​ជប៉ុន នាវា​ល្បាត​ចិន​៤គ្រឿង កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ បាន​ចូល​មក​​កាន់​ដែនទឹក​នៃ​ប្រជុំកោះ​សេនកាគូ ស្ថិត​នៅ​សមុទ្រ​ចិន​ភាគខាងកើត ហើយនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ នាវា​ទាំងនេះ​នៅ​តែ​មាន​​​​វត្តមាន​​​នៅ​ទីនោះដដែល។ ជប៉ុន​បាន​កោះ​ហៅ​ឯកអគ្គរដ្ឋទូត​​​ចិន ​អោយ​បំភ្លឺ​ពី​មូលហេតុ​ដែល​នាវាល្បាត​ទាំងនេះ​បន្ត​វត្តមាន​កាន់តែ​យូរ​នៅ​ ជុំវិញ​ដែនកោះជម្លោះ។

ប្រធាន​កិច្ចការ​​តំបន់​អាស៊ី-អូសេអានី បាន​ដាក់​​ពាក្យតវ៉ា​ពី​​​បញ្ហា​នេះ​ ​ទៅ​​អ្នកការទូត​ចិន ប៉ុន្តែ​ចិន​បាន​បដិសេធ​​​ការ​តវ៉ានេះ។ គួរកត់សម្គាល់​ថា​ ទំនាក់ទំនង​ចិន​និង​ជប៉ុន​បាន​ធ្លាក់​ដុនដាប​ខ្លាំង ​ចាប់​តាំងពី​ខែ​កញ្ញា​ ឆ្នាំ​២០១២ ​នៅ​ពេល​ដែល​​ជប៉ុន​​ទិញ​យក​កោះ​ចំនួន​​៣ នៅ​ប្រជុំកោះ​សេនកាគូ ដែល​ចិន​ដណ្តើម​បូរណភាពដែនដី​ដែរ​នោះ ដាក់​អោយ​ក្លាយ​ជា​កម្មសិទ្ធិ​ប្រទេស​ខ្លួន។ ជនជាតិ​ចិនមាន​ការ​​ក្តៅ​ក្រហាយខ្លាំង​​ បាន​ធ្វើបាតុកម្ម​ហិង្សា​អស់​មួយ​សប្តាហ៍​ ប្រឆាំង​នឹង​ទង្វើ​របស់​ជប៉ុន។ តាំងពី​នោះ​មក នាវា​ចិន​នានា​តែងតែ​ចូល​មក​លុកលុយ​​តំបន់​នេះ​ជាប្រចាំ។

ដោយសារ​ភាព​តានតឹង​នេះ កាលពី​ថ្ងៃ​អង្គារ​ ជប៉ុន​បានបង្ហាញអោយ​បាន​ដឹង​ថា ខ្លួន​កំពុង​សាងសង់​​នាវា​ដឹក​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង ប្រវែង​២៤៨​ម៉ែត្រ​ ​​ដែល​អាច​មាន​​តំលៃ​ទឹកប្រាក់​រហូត​ដល់​៩០០​លាន​អឺរ៉ូ។​នាវា​នេះ​​ជា​នាវា​ ធំបំផុត​របស់​ជប៉ុន គិត​ចាប់​ពី​សម័យ​សង្គ្រាម​លោក​លើកទីពីរ​មក។ នាវាដឹក​ឧទ្ធម្ភាគចក្រ​នេះ អាច​​​ដំណើរការ នៅ​​ក្រោយ​ឆ្នាំ​២០១៥។

ក្រសួងការពារ​ជាតិ​​ចិន​បាន​​ប្រតិកម្ម​​ដោយ​លើកឡើងថា ខ្លួន​ខ្វាយខ្វល់​នឹង​ការ​កើនឡើងជា​ប្រចាំ​​នៃ​សម្ភារៈ​យោធា​ជប៉ុន។ ហើយ​ទង្វើ​ជប៉ុន​​នឹង​ធ្វើ​អោយ​ប្រទេស​ជិតខាង​ជប៉ុន​នានា​ បង្កើន​​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ថែម ទៀត៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close