ទាហាន​ស្លាប់​នៅ​ព្រំដែន​កាស្មៀ ប៉ាគីស្ថាន​និង​ឥណ្ឌា​ប្រឹង​ទប់​ផល​ប៉ះពាល់

កម្តៅបាន​ឡើង​ជា​ថ្មី រវាង​ មហាអំណាច​នុយក្លេអ៊ែរ​អាស៊ី​ទាំង​ពីរ ប៉ាគីស្ថាន និង​ឥណ្ឌា នៅ​ថ្ងៃ​ម្សិលមិញ​ នៅ​ចំណុច​ព្រំដែន Cachemire បន្ទាប់​ពី​មាន​ទាហាន​ឥណ្ឌា​៥​នាក់​បាន​ស្លាប់​ ក្រោម​ចុង​​កាណុង​កង​កម្លាំង​ប៉ាគីស្ថាន។ ឥណ្ឌា​ចោទ​​ ប៉ុន្តែ​ក្រុង​អ៊ីស្លាម៉ាបាត បាន​​បដិសេធ ! ជំនួប​ចរចា​ថ្នាក់​ប្រមុខ​ដឹកនាំ​ប្រតិបត្តិយោធា​នៅ​តំបន់​ ​​ តាម​ទូរស័ព្ទ​ក្រហម បាន​រៀប​ចំ​ឡើង​ភ្លាម ដើម្បី​ទប់​ស្កាត់​កុំ​ឱ្យ​ហេតុ​ការណ៍​នេះ​រាល​ដាល​ខូច​ដល់​ប្រយោជន៍​ ជាតិទាន់។

បើ​តាម​ប៉ាគីស្ថាន ជំនួប​​​ចរចា​តាម​ទូរស័ព្ទ​ក្រហម​ ថ្នាក់​នាយក​ប្រតិបត្តិ​យោធា​ឥណ្ឌា​ និង​ប៉ាគីស្ថាន​ បាន​ប្រព្រឹត្ត​ទៅ​​ នៅ​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ ដើម្បី​ជជែក​គ្នា​អំពី​ស្ថានការណ៍​ដែល​នាំដល់ការ​ផ្ទុះ​អាវុធ​ និង​ស្លាប់​ជីវិត​ទាហាន​នោះ។

ការ​វាយប្រហារ​បាន​ផ្ទុះ​ដំបូង​ឡើយ​ នៅ​​​ថ្ងៃ​អង្គារ​ បណ្តាល​ឱ្យ​ស្លាប់​ ទាហាន​ឥណ្ឌា​៥​នាក់។ បី​បួន​ម៉ោង​ក្រោយ​ ការ​បាញ់​រះ​ដាក់​គ្នា​ បាន​លាន់​ឮ​ម្តង​ទៀត លើក​នេះ​មាន​ទាហាន​ប៉ាគីស្ថាន​​ពីរ​នាក់ រង​របួស​។​ ​សម្រាប់​ភាគី​ឥណ្ឌា គឺ​បណ្តាល​មក​ពី​ក្រុម​ប៉ាគីស្ថាន​បើកការ​ប្រយុទ្ធ​មុន បណ្តាល​ឱ្យ​ទាហាន​ឥណ្ឌា​ស្លាប់​៥នាក់ ទើប​មាន​ការ​បាញ់​ត​​ដៃ​វិញ​ដូច្នេះ។​ ប៉ុន្តែ​ការ​ចោទ​ប្រកាន់​របស់​ឥណ្ឌានេះ​ ត្រូវ​បាន​ច្រាន​ចោល យ៉ាង​ដាច់​ណាត់​ និង​​ភ្លាម​មួយរំពេច ​ដោយ​អ្នក​ទទួល​ខុស​ត្រូវ​​យោធាប៉ាគីស្ថាន ដោយ​អះអាង​ថា​ ដើម​ហេតុ​គឺ​មក​ពី​មានសំឡេង​ស្នូរ​បាញ់​របស់​ឥណ្ឌា។

ឧប្បទ្ទវហេតុ​​តៗ​គ្នា​នេះ ​ផ្ទុះ​ឡើង​ខណៈ​ដែល​​​បងប្អូន​គូ​សត្រូវ​ទាំង​ពីរ​នេះ​ ទើបព្រម​ព្រៀង​​បើក​កិច្ច​ចរចា​សន្តិភាព។ ​​​លោក នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន លោក ណាវ៉ា ស្ហារីហ្វ​ បាន​ស្នើ​ឱ្យ​មាន​ជំនួប​ជាមួយ​នឹង​សមភាគី​ឥណ្ឌា​លោក ម៉ាន់ មហាន់ស៊ីង​ នៅ​ខែ​កញ្ញា​ខាង​មុខ ក្រៅ​ក្របខ័ណ្ឌ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​ នៅ​ទីក្រុង​​ញូវយ៉ក។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ក៏​រដ្ឋមន្ត្រីក្រសួង​ការបរទេស​ឥណ្ឌា​បាន​អះអាង​ទៅ​កាន់​អ្នកសារព័ត៌មាន​នៅ​ ថ្ងៃពុធ​ម្សិលមិញ​ថា​ នឹងមិន​​ធ្វើ​ឱ្យ​ហេតុការណ៍​នេះ ទៅ​សម្លាប់​ឬ​បំផ្លាញ​ផែនការ​សន្តិភាព​ជាមួយ​នឹង​ប៉ាគីស្ថាន​ទេ។

សូម​បញ្ជាក់​ថា​ប៉ាគីស្ថាន និងឥណ្ឌា​ធ្លាប់​ធ្វើ​សង្គ្រាម​នឹង​គ្នា​បី​ដង​មក​ហើយ តាំង​ពី​ឆ្នាំ​១៩៤៧​មក ក្នុង​នោះសង្គ្រាម​ពីរ​ផ្ទុះ​ឡើង​នៅ​តំបន់​កាស្មៀ​នេះ​ឯង។ តំបន់​កាស្មៀ​បែង​ចែកជា​ពីរ​ហើយ តែ​ប្រទេស​ទាំង​ពីរ​នៅ​បន្តទាមទារ​យក​វិញ​ដដែល។ បទ​ឈប់បាញ់​នៅ​តំបន់​នេះ​បាន​ចុះ​ហត្ថលេខា​នៅ​ឆ្នាំ​២០០៣​ ប៉ុន្តែ​ការផ្ទុះអាវុធ​តែ​មាន​កើត​ជា​រឿយៗ៕ដោយ អៀង សុខម៉ិញ (RFI)

Related Articles

Back to top button
Close
Close